(ហ្សឺណែវ)៖ មន្រ្តីជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា វ៉ាក់សាំង COVID-19 របស់ចិនចំនួន ០២ កំពុងស្ថិតក្នុងដំណាក់កាលជឿនលឿននៃការវាយតម្លៃ ដើម្បីចុះបញ្ជីឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ (EUL) ដោយ WHO។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
ជំនួយការប្រធាន WHO លោកស្រី ម៉ារីអ៊ែនជែឡា ស៊ីម៉ាវ (Mariangela Simao) បានគូសបញ្ជាក់ថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ (Sinovac) និងស៉ីណូហ្វាម (Sinopharm) គឺស្ថិតក្នុងចំណោមវ៉ាក់សាំងចំនួន ០៤ ដែលកំពុងស្ថិតក្នុងដំណាក់កាលជឿនលឿននៃការវាយតម្លៃ ដើម្បីចុះបញ្ជីឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់។
លោកស្រី Simao បានគូសបញ្ជាក់បន្ថែមថា ក្រុមអ្នកជំនាញមកពី WHO ឥឡូវនេះកំពុងស្ថិតនៅក្នុងប្រទេសចិន ហើយពួកគេនឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យ លើវ៉ាក់សាំងទាំងនោះនៅសប្តាហ៍ក្រោយ ហើយឥឡូវនេះពួកគេកំពុងស្ថិតក្នុង ការដាក់ឲ្យនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក)។ នេះជាដំណើរការដែលអាចនាំមកនូវ ការចុះបញ្ជីឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ចិនក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac និង Sinopharm បានបញ្ចប់ការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣។
EUL គឺជានិតិវិធីផ្ដល់អាជ្ញាបណ្ឌសម្រាប់វ៉ាក់សាំងថ្មីៗដោយ WHO គឺមានសារៈសំខាន់ណាស់សម្រាប់ការដាក់ពាក្យស្នើសុំ ជាពិសេសនឹងត្រូវបានអនុម័តដែលជាផ្នែកមួយនៃកម្មវិធី COVAX ដើម្បីទទួលបានវ៉ាក់សាំងដែលប្រកបដោយប្រសិទ្ធភាព និងសមភាព។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមានតែវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) ប៉ុណ្ណោះ ដែលទទួលបានការចុះបញ្ជីឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ដោយ WHO ខណៈវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca វិញក៏កំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃផងដែរ៕