(កង់បេរ៉ា)៖ កងទាហានម៉ារីនអាមេរិករាប់ពាន់នាក់ នឹងធ្វើដំណើរមកដល់ដែនដីភាគខាងជើង នៃប្រទេសអូស្ត្រាលីក្នុងរយៈពេលជាង ០៥ខែខាងមុខទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោកស្រី លីនដា រៃណូលដ៍ (Linda Reynolds) បានគូសបញ្ជាក់ថា កងទាហានម៉ារីនផ្លាស់វេនទី ១០ នៃឆ្នាំ២០២១ ដែលមានមូលដ្ឋាននៅទីក្រុងដាវីន (The 2021 MRF-D) នៃភាគខាងជើងប្រទេសអូស្រ្តាលី នឹងមានកងទាហានប្រហែល ២,២០០នាក់នៅត្រឹមខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។
លោកស្រី Reynolds បានគូសបញ្ជាក់បន្ថែមថា ក្រោមវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺឆ្លងរាតត្បាតសកល (COVID-19) កងទាហានម៉ារីនដែលនឹងធ្វើដំណើរមកដល់ជាក្រុម ដែលមានសមាជិកចន្លោះពី ២០០-៥០០នាក់នេះ នឹងត្រូវធ្វើតេស្តរក COVID-19 ចំនួន ០៣ដង ពោលគឺ ៧២ម៉ោងមុនពេលចេញដំណើរ និង ០២ដងពេលកំពុងស្ថិតក្នុងការដាក់ ឲ្យនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃនៅឯមជ្ឈមណ្ឌលសុវត្ថិភាព។
គួរបញ្ជាក់ថា The 2021 MRF-D និងកងកម្លាំងការពារជាតិអូស្ត្រាលី (ADF) នឹងដឹកនាំសកម្មភាពបណ្តុះបណ្តាលជាច្រើន រួមមានការផ្ដល់ជំនួយមនុស្សធម៌ ការធ្វើប្រតិបត្តិការសន្តិសុខ និងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លង COVID-19 នៅទូទាំងប្រទេស ២៨,៨៤៨ករណី ក្នុងនោះមានអ្នកស្លាប់ ៩០៩នាក់ និងអ្នកជាសះស្បើយ ២៦,០៨៣នាក់៕