Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតសម្ព័ន្ធមិត្តលោកស្រី ស៊ូជី ម្នាក់ព្រមទទួលយកតំណែង ជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលយោធា និងអះអាងថាខ្លួនមិនមែនជាជនក្បត់ ​​​​(Video inside)

06-02-2021 10:03

(ណៃពិដោ)៖ អតីតសម្ព័ន្ធមិត្តម្នាក់របស់លោកស្រី អោង សាន ស៊ូជី បាននិយាយថា លោកស្រីមិនមែនជា «ជនក្បត់» នោះទេ ក្រោយសម្រេចចិត្តទទួលយកតំណែងជារដ្ឋមន្ត្រី នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីមួយនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលទើបឡើងកាន់អំណាចកាលពីថ្ងៃចន្ទ តាមរយៈទង្វើដែលត្រូវបានគេចាត់ទុកថារដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីសុខមាលភាពសង្គម លោកស្រី ថេត ថេត ឃីន (Thet Thet Khine) ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រសប្ដាហ៍នេះ ដែលជាកិច្ចសម្ភាសន៍ដំបូងបំផុតមួយ នៃសមាជិករដ្ឋាភិបាលថ្មីរបស់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃចន្ទមក។ លោកស្រី Khine បានអះអាងថា រដ្ឋាភិបាលយោធាថ្មីមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការប្ដេជ្ញាចិត្តចំពោះប្រជាធិបតេយ្យ។ «ជាការពិតណាស់ កងកម្លាំងប្រដាប់អាវុធបាននិយាយថាពួកគេនឹងបន្តធ្វើសកម្មភាព ដែលច្បាប់អនុញ្ញាត ហើយដែលនេះជារឿងដែលយើងទាំងអស់គ្នាត្រូវស្វាគមន៍»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកស្រី Thet Thet Khine។

គួរបញ្ជាក់ថា លោកស្រី Thet Thet Khine បានចែកផ្លូវជាមួយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី អោង សាន ស៊ូជី កាលពីខែតុលា ឆ្នាំ២០១៩ ហើយបានបង្កើតគណបក្សថ្មីមួយឈ្មោះថា គណបក្សអ្នកនាំផ្លូវរបស់ប្រជាជន (People's Pioneer Party) ដែលមិនបានឈ្នះសូម្បីតែមួយអាសនៈ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញគណបក្សលោកស្រី ស៊ូជី ឈ្នះភ្លូកទឹកភ្លូកដី។ លោកស្រី Thet Thet Khine បានផ្ដាច់ ទំនាក់ទំនងជាមួយលោកស្រី ស៊ូជី តាំងតែពីឆ្នាំ២០១៨មកម្ល៉េះ ហើយតែងតែចាត់ទុកលោកស្រី ស៊ូជី ថាជាមនុស្សអត្តនោម័តិម្នាក់ ដែលមិនអាចដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាបានឡើយ៕