(ប៉េកាំង)៖ ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) បានចុះធ្វើការសិក្សាស្រាវជ្រាវ នៅវិទ្យាស្ថានស្រាវជ្រាវវីរុសនៃទីក្រុងវូហាន អស់រយៈពេលជិត០៤ម៉ោង កាលពីថ្ងៃពុធ ទី០៣ ខែកុម្ភៈ និងបានទៅពិនិត្យបន្ទប់ពិសោធន៍វីរុសក្រុងវូហាន ដែលមនុស្សមួយចំនួនចោទថា ជាកន្លែងលេចធ្លាយដំបូងនៃ COVID-19 ថែមទៀត។
តាមដំណឹងនៃប្រព័ន្ធសារព័ត៌មានប្រទេសរុស្ស៊ី បានផ្សាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ថា បន្ទាប់ពីដំណើរទស្សនកិច្ចនៅក្រុងវូហាន លោក ដេតកូវ ដែលជាសមាជិកម្នាក់នៅក្នុងក្រុមការងារអង្គការសុខភាពពិភពលោក និងជាវេជ្ជបណ្ឌិតផ្នែកវីរុសសាស្រ្តនៃប្រទេសរុស្ស៊ី បានសម្តែងការយល់ឃើញទៅលើ អ្វីដែលមនុស្សមួយចំនួនធ្លាប់បាននិយាយថា វីរុសកូរ៉ូណាថ្មី ឬ COVID-19 បានធ្លាយចេញពីបន្ទប់ពិសោធន៍ខាងលើ។
លោកបានថ្លែងថា «បន្ទប់ពិសោធន៍ក្រុងវូហាន មានបរិក្ខារល្អៗ និងជឿនលឿន ហើយមានសុវត្ថិភាពខ្លាំងរឹងមាំជាទីបំផុត ដែលធ្វើឱ្យយើងពិបាកនឹងស្រមៃណាស់ថា វីរុសបានធ្លាយចេញពីទីនោះ»។ ដើម្បីស្វែងយល់ពីប្រភពដើមនៃវីរុស COVID-19 អង្គការសុខភាពពិភពលោក បានបញ្ជូនក្រុមអ្នកជំនាញទៅទីក្រុងវូហាន ប្រទេសចិន ដើម្បីធ្វើការស៉ើបអង្កេត និងធ្វើការសិក្សាស្រាវជ្រាវនៅទីនោះ ដ្បិតវត្តមាន COVID-19 ត្រូវបានរកឃើញដំបូងនៅក្រុងវូហាន កាលពីចុងឆ្នាំ២០១៩។
គួរបញ្ជាក់ថា ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញ WHO បានធ្វើការវាយតម្លៃយ៉ាងវិជ្ជមាន ចំពោះបន្ទប់ពិសោធន៍ក្រុងវូហាន ហើយពួកគេក៏បានបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំង ចំពោះបន្ទប់ពិសោធន៍នេះផងដែរ៕