(តូក្យូ)៖ ក្រុមហ៊ុនផលិតស្រាបៀររបស់ប្រទេសជប៉ុន Kirin Holdings នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងលុបចោលវិញនូវសម្ព័ន្ធភាពអាជីវកម្មស្រាបៀរ ដែលខ្លួនបានបណ្តាក់ទុនវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមហ៊ុន Kirin បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «ទង្វើរបស់យោធាមីយ៉ាន់ម៉ាគឺប្រឆាំងនឹងស្តង់ដា ក៏ដូចជាគោលការណ៍សិទ្ធិមនុស្សរបស់យើង។ ដូច្នេះហើយក្រុមហ៊ុនយើងគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីកាត់ផ្តាច់ចោលវិញនូវភាពជាដៃគូសហការអាជីវកម្ម ជាមួយក្រុមហ៊ុន Myanma Economic Holdings Public Company Limited (MEHL) ឡើយ»។
ក្រុមហ៊ុនស្រាបៀរជប៉ុនមួយនេះ កាន់កាប់ចំណែកភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុនស្រាបៀរ Myanmar Brewery និង Mandalay Brewery ដែលស្ថិតក្រោមកម្មសិទ្ធិរួម ជាមួយក្រុមហ៊ុន MEHL ខណៈក្រុមហ៊ុន MEHL នេះ ដើរតួនាទីជាមូលនិធិសុខុមាលភាពសម្រាប់យោធាមីយ៉ាន់ម៉ា។ ក្រុមហ៊ុន Kirin បានគូសបញ្ជាក់ទៀតថា «យើងបានសម្រេចវិនិយោគនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥ ដោយជឿជាក់ថា តាមរយៈការរកស៉ីនេះ យើងអាចចូលរួមចំណែកយ៉ាងវិជ្ជមានចំពោះប្រជាជន និងសេដ្ឋកិច្ចមីយ៉ាន់ម៉ា ស្របពេលដែលមីយ៉ាន់ម៉ាឈានដល់ដំណាក់កាលដ៏សំខាន់ នៃការប្រែក្លាយខ្លួនទៅរកលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីដើមសប្តាហ៍នេះ ជាមួយការចាប់ឃុំខ្លួនមេដឹកនាំលោកស្រី អោងសាន ស៊ូជី ក្រុមហ៊ុនបរទេសទាំងឡាយ ដែលបានវិនិយោគនៅមីយ៉ាន់ម៉ា បានរងសម្ពាធយ៉ាងខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្ស ដោយសារតែការធ្វើអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសអាស៊ាននេះ។