(ញូដេលី)៖ ក្រុមហ៊ុនវ៉ាក់សាំង Pfizer នៅថ្ងៃសុក្រនេះ បានដកចេញវិញនូវការស្នើសុំឲ្យអនុញ្ញាតប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួន ក្នុងលក្ខណៈបន្ទាន់ នៅឯប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមការអះអាងក្រុមហ៊ុន Pfizer ផ្ទាល់ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកមួយនេះ បានជួបពិភាក្សាជាមួយអាជ្ញាធរត្រួតពិនិត្យឱសថឥណ្ឌា កាលពីថ្ងៃពុធកន្លងទៅ ហើយការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំនោះ។ យ៉ាងណាមិញ ក្រុមហ៊ុន Pfizer បានបន្ថែមថា នាពេលអនាគត ខ្លួនប្រហែលជាអាចដាក់ពាក្យស្នើសុំម្តងទៀត ជាមួយទិន្នន័យបន្ថែមដែលអាជ្ញាធរឥណ្ឌាត្រូវការ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer គឺជាក្រុមហ៊ុនផលិតឱសថដំបូងគេ ដែលបានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ ក្នុងលក្ខខណ្ឌបន្ទាន់ សម្រាប់វ៉ាក់សាំង COVID-19 របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 កំពុងតែបន្តប្រព្រឹត្តទៅនៅប្រទេសឥណ្ឌា បន្ទាប់ពីការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវ វ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងវ៉ាក់សាំងដែលអភិវឌ្ឍដោយក្រុមហ៊ុនឥណ្ឌា៕