(ប្រេស៊ីល)៖ ក្រុមហ៊ុនរុករករ៉ែដ៏ធំមួយស្ថិតនៅរដ្ឋ មីណាស់ ចឺរ៉ាយស៍ (Minas Gerais) ភាគអាគ្នេយ៍ប្រទេសប្រេស៊ីលមានឈ្មោះថា វ៉ាល់ (Vale) បានចុះហត្ថលេខាយល់ព្រមផ្តល់សំណង នូវទឹកប្រាក់សរុបជិត ៧ពាន់លានដុល្លារអាមេរិក ចំពោះគ្រោះមហន្តរាយបាក់ទំនប់ទឹក កាលពីឆ្នាំ២០១៩ ដែលបានផ្តាច់ជីវិតមនុស្ស ២៧២នាក់ និងធ្វើឲ្យតំបន់ភាគអាគ្នេយ៍ប្រេស៊ីលមួយនេះ រងការបំពុលយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
រដ្ឋបាលនៃរដ្ឋ Minas Gerais បានហៅកិច្ចព្រមព្រៀងខាងលើនេះថា ជាការយល់ព្រមផ្តល់សំណងដ៏ធំធេងបំផុត មិនធ្លាប់មាននោះឡើយនៅតំបន់អាមេរិកឡាទីន។ ទំនប់ទឹករបស់ក្រុមហ៊ុន Minas Gerais ស្ថិតនៅក្នុងក្រុង ប្រ៊ូម៉ាឌីញ៉ូ (Brumadinho) បានបាក់កាលពីខែមករា ឆ្នាំ២០១៩ ដោយបានបង្កឲ្យល្បាប់ភក់ពុល ហូរសង្កត់ទៅលើលំនៅឋានជាច្រើនខ្នង និងបានផ្តាច់ជីវិតមនុស្ស ២៧២នាក់។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរុករករ៉ែ Vale លោក អេឌូអាឌូ បាតូឡូម៉េអូ (Eduardo Bartolomeo) បានអះអាងថា ក្រុមហ៊ុននេះនឹងធ្វើការស្តារ និងផ្តល់សំណងយ៉ាងពេញលេញចំពោះការខូចខាត ដែលបង្កឡើងដោយការបាក់ទំនប់ទឹក។ ក្រុមហ៊ុន Vale ក៏បានសន្យាចំណាយសម្រាប់ការងារសាធារណៈ ដែលនឹងបង្កើតការងារបាន ៣៦០,០០០កន្លែង សម្រាប់ប៉ុន្មានឆ្នាំខាងមុខនេះ នៅក្នុងរដ្ឋ Minas Gerais ផងដែរ។
គួរបញ្ជាក់ថា សំណងនឹងត្រូវបែកចែកទៅកាន់ក្រុមគ្រួសារជនរងគ្រោះ, ពលរដ្ឋដែលរងផលប៉ះពាល់, ការស្តារឡើងវិញនូវអាងស្តុកទឹកទន្លេ ប៉ារ៉ាអូប៉េបា (Paraopeba) និងការសង្គ្រោះបរិស្ថានឡើងវិញជារួម៕