(ប្រេស៊ីឡា)៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានចេញយុទ្ធនាការបង្ក្រាបការលក់ «វ៉ាក់សាំង COVID-19 ក្លែងក្លាយ» ដែលកំពុងកើតមានឡើងហើយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈរបស់ប្រទេសប្រេស៊ីល បានគូសបញ្ជាក់ថា យុទ្ធនាការបង្ក្រាបខាងលើនេះ ក៏ជាការណែនាំឲ្យប្រជាជនទាំងអស់ យល់ដឹងអំពីហានិយភ័យ ដែលបង្កឡើងដោយវ៉ាក់សាំង COVID-19 ក្លែងក្លាយផងដែរ និងត្រូវមានការភ្ញាក់រលឹកថា មានតែវ៉ាក់សាំង ដែលចេញដោយអាជ្ញាធរសុខាភិបាលប៉ុណ្ណោះ ទើបមានប្រសិទ្ធភាព ព្រមទាំងមិនគិតថ្លៃ។
កន្លងមកនេះរដ្ឋាភិបាលប្រេស៊ីល បានអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 ផលិតដោយក្រុមហ៊ុនចិន Sinovac និង AstraZeneca របស់អង់គ្លេស ដើម្បីប្រើប្រាស់ក្នុងករណីបន្ទាន់។
គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបវ៉ាក់សាំងក្លែងក្លាយខាងលើនេះ នឹងត្រូវចាប់ផ្តើមពីការត្រួតពិនិត្យ នៅតាមប្រព័ន្ធអនឡាញមុនគេ ព្រោះកន្លងមកនេះអាជ្ញាធរប្រេស៊ីលសង្កេតឃើញថា មានវែបសាយមួយចំនួន បានផ្សព្វផ្សាយលក់វ៉ាក់សាំងក្លែង ឬបញ្ឆោតអតិថិជន។ ប្រទេសប្រេស៊ីលបច្ចុប្បន្ន មានករណីឆ្លង COVID-19 សរុបជាង ៩,៣៩៧,០០០ករណី (ជាប់លេខ ៣លើលោក) ក្នុងនោះមានអ្នកស្លាប់សរុបជាង ២២៨,០០០នាក់ (ជាប់លេខ ២លើលោក) និងអ្នកជាសះស្បើយវិញមានចំនួនជាង ៨,២៩១,០០០នាក់៕