(យ៉ាងហ្គន)៖ មកទល់នឹងថ្ងៃសុក្រនេះ គឺជាឈានចូលដល់ថ្ងៃទី៥ហើយ បន្ទាប់ពីមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ាដោយយោធា ដែលបានចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ជាច្រើនរូបទៀត។ សហគមន៍អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការដោះលែង លោកស្រី ស៊ូជី និងអ្នកដែលត្រូវបានចាប់ខ្លួនជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើ មីយ៉ាន់ម៉ា។
ក៏ប៉ុន្តែ យោធាមីយ៉ាន់ម៉ា ហាក់ដូចជាមិនខ្វល់ទៅនឹងការអំពាវនាវ និងការគំរាមនោះទេ ហើយថែមទំាងផ្គើនលើសដើម ដោយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល មួយឆ្នាំ, បណ្ដេញរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃរដ្ឋាភិបាលលោកស្រី ស៊ូជី ចេញពីតំណែង ព្រមទាំងសម្រេចចោទប្រកាន់ លោកស្រី ស៊ូជី ពីបទកាន់កាប់វិទ្យុទាក់ទង ឬអៃកូម ដោយខុសច្បាប់ទៀតផង ដែលបទចោទនេះអាចឱ្យលោកស្រី ប្រឈមមុខជាប់ពន្ធនាគារ ៣ឆ្នាំ។ បើតាមសមាគមផ្ដល់ជំនួយរបស់មីយ៉ាន់ម៉ាសម្រាប់អ្នកទោសនយោបាយ គិតត្រឹមថ្ងៃសុក្រនេះ មនុស្សសរុប ១៤៧នាក់ហើយ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
ក្រុមអ្នកតាមដាននយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា យល់ឃើញថា យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោកអគ្គមេបញ្ជាការ មីន អោង ហ្លេង (Min Aung Hlaing) ដែលតែងតែចាត់ទុកយោធាជា «អ្នកការពារឯកភាពជាតិ» នឹងមិនធ្វើតាមការអំពាវនាវរបស់អន្តរជាតិ ឬបកក្រោយវិញ ក្នុងពេលឆាប់ៗខាងមុខនោះទេ។ ពួកគេប្រហែលជា បានគិតនៅក្នុងចិត្តរួចទៅហើយថា អាចនឹងគ្រប់គ្រងមីយ៉ាន់ម៉ា តាមដែលពួកគេចង់ ពីព្រោះពិភពលោកដែលកំពុងជាប់ដៃប្រយុទ្ធជាមួយ COVID-19 នឹងមិនមានពេលច្រើន ផ្ដោតលើបញ្ហានៅមីយ៉ាន់ម៉ា ឡើយ ដោយរវល់ដោះស្រាយបញ្ហារៀងៗខ្លួន។ ម្យ៉ាងវិញទៀត ការរិះគន់ ឬការថ្កោលទោស ឬក៏ការអំពាវនាវរបស់អន្តរជាតិក៏ប្រហែលជានឹង មិនមានប្រសិទ្ធភាពនោះដែរ ដ្បិតប្រតិកម្មរបស់អន្តរជាតិ ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧ អាចឱ្យ យោធាមីយ៉ាន់ម៉ា យកមកធ្វើជាឧទាហរណ៍។
*ប្រជាជាតិមួយចាប់កំណើត ក្រោមការគ្រប់គ្រងរបស់យោធា
យោធា គឺជាស្ថាប័នដ៏មានអំណាចបំផុតនៅមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទទួលបានឯករាជ្យពីអង់គ្លេស ក្នុងឆ្នាំ១៩៤៨មកម្លេះ។ ឧត្ដមសេនីយ៍លោក អោង សាន ដែលជាឪពុកបង្កើតរបស់លោកស្រី អោង សាន ស៊ូជី បានបង្កើតកងទ័ពជាតិភូមា (មីយ៉ាន់ម៉ា) ដោយមានជំនួយពីជប៉ុន នៅដើមទសវត្សរឆ្នាំ១៩៤០ ដើម្បី ទាមទារឯករាជ្យពីអង់គ្លេស។ លោក អោង សាន ត្រូវបានគេលួចធ្វើឃាត ក្នុងឆ្នាំ១៩៤៧។ ក៏ប៉ុន្តែ កេរ្តិ៍តំណែល និងកេរ្តិ៍ឈ្មោះរបស់លោក ដក់ជាប់នៅក្នុងក្រអៅបេះដូង ប្រជាជន និងទាំងយោធាមីយ៉ាន់ម៉ា ដែលនៅតែបន្តទទួលបានការគាំទ្រពីប្រជាជនភាគច្រើន មកទល់នឹងបច្ចុប្បន្ន ក្នុងនាមជាអ្នកការពារឯកភាពជាតិ និងជាអ្នករំដោះ ប្រទេសចេញពីនឹមត្រួតត្រារបស់អាណានិគម។
អ្នកប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺលោក Thant Myint-U បានហៅមីយ៉ាន់ម៉ា ឬភូមា ថាជារដ្ឋសម័យទំនើប ដែលបានចាប់កំណើតឡើងក្រោម ការគ្រប់គ្រងដោយយោធា នៅក្នុងសៀវភៅរបស់លោកមានចំណងជើងថា «ប្រវត្តិសាស្ត្រដ៏អាថ៌កំបាំងរបស់ភូមា» ឬ «The Hidden History of Burma»។ មីយ៉ាន់ម៉ា ធ្លាប់ ជួបប្រទះរដ្ឋប្រហារយោធាចំនួនពីរលើករួចមកហើយ ចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេស ក្នុងឆ្នាំ១៩៤៨ គឺលើកទីមួយនៅឆ្នាំ១៩៦២ និងលើកទីពីរនៅឆ្នាំ១៩៨៨ ហើយចុងក្រោយបំផុត កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្រោយការកាន់អំណាចក្រោមនយោបាយកណ្ដាប់ដៃដែក អស់រយៈពេលជាង ២០ឆ្នាំ យោធាមីយ៉ាន់ម៉ា បានតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយឡើងក្នុងឆ្នាំ២០០៨ ហើយបានរៀបចំ ការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស ដោយមិនមានការចូលរួមពីគណបក្សប្រឆាំងណាមួយឡើយ។ ទោះបីជា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី ស៊ូជី ចោទថា ការបោះឆ្នោតប្រជាមតិ ត្រូវបានលួចបន្លំក៏ដោយ ក៏យោធានៅតែប្រកាសដដែលថា រដ្ឋធម្មនុញ្ញថ្មីទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាជនមីយ៉ាន់ម៉ា និងត្រូវចូលជាធរមានរហូតមកទល់នឹងបច្ចុប្បន្ន។
រដ្ឋធម្មនុញ្ញថ្មីនេះ បានការពារការគ្រប់គ្រងរបស់យោធាមីយ៉ាន់ម៉ា លើរដ្ឋាភិបាល តាមរយៈការទទួលបានកូតាអាសនៈនៅក្នុងសភា ២៥ភាគរយ ដោយស្វ័យប្រវត្តិដោយមិន ចាំបាច់ឆ្លងកាត់ការបោះឆ្នោត ដែលនេះបានផ្ដល់អំណាចឱ្យយោធា ក្នុងការជំទាស់នឹងរាល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយមិនមានការយល់ព្រមពីពួកគេ។ នៅក្រោម រដ្ឋធម្មនុញ្ញថ្មី វាក៏បានផ្ដល់សិទ្ធិអំណាចឱ្យយោធាកាន់កាប់ ក៏ដូចជាគ្រប់គ្រងឧស្សាហកម្មរ៉ែ, ប្រេង និងឧស្ម័នផងដែរ ដែលធ្វើឱ្យយោធា មានឯករាជ្យភាពខាងហិរញ្ញវត្ថុ ទាំងស្រុង។
របាយការណ៍មួយចេញផ្សាយដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីឆ្នាំ២០២០ បានឱ្យដឹងដែរថា ក្រុមហ៊ុន Myanmar Economic Holdings Limited (MEHL) ដែលគ្រប់គ្រងដោយយោធា មានទ្រព្យប្រមាណ ១៨ពាន់លានដុល្លារ នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ហើយនេះមិនទាន់រាប់បញ្ចូលការ គំាទ្រពីចិន ដែលជាខ្នងបង្អែកដ៏ធំរបស់មីយ៉ាន់ម៉ាផង។ លើសពីនេះទៅទៀត យោធាមីយ៉ាន់ម៉ា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីជនជាតិដើម Bamar ដែលតែងតែ ចាត់ទុកខ្លួនឯងថាជាអ្នកស្នងមរតកស្របច្បាប់ពីអតីតរាជាណាចក្រភូមា។ មិនតែប៉ុណ្ណោះ យោធាក៏បានឆ្លៀតទិញទឹកចិត្ត និងការគាំទ្រពីប្រជាជនតាមរយៈការបរិច្ចាគទាន ដល់សហគមន៍ព្រះពុទ្ធសាសនា រួមទាំងការកសាងពុទ្ធិកសាលា នៅទូទាំងប្រទេសទៀតផង។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានអះអាងថា ការធ្វើរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍ កន្លងទៅនេះ គឺជារឿងចៀសមិនរួច និងធ្វើឡើងដោយស្របច្បាប់ជាការឆ្លើយតប ទៅនឹងការបោះឆ្នោតសកល កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលពួកគេចោទថាត្រូវបានលួចបន្លំ និងបង្ហាញថាគណបក្សរបស់លោកស្រី អោង សាន ស៊ូជី ជាអ្នកទទួលបានជ័យជម្នះ។ យោធា បានសន្យាថានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌មួយ នៅក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយថានឹងប្រគល់អំណាចឱ្យអ្នកឈ្នះ។ ការសន្យានេះមិនមែនជារឿងចម្លែកនោះទេ ហើយវាក៏តែងតែកើតឡើងជារឿយៗផងដែរ ក្រោយមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា៕
ប្រភព៖ Vox