(វ៉ាស៊ីនតោន)៖ ក្រុមមេធាវីរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានច្រានចោលសំណើរបស់ក្រុមអ្នកប្រជាធិបតេយ្យ ដែលស្នើឲ្យលោក ត្រាំ ចូលរួមផ្តល់សក្ខីកម្មនៅក្នុងសវនាការជំនុំជម្រះ ជុំវិញការចោទប្រកាន់លើរូបលោក នៅឯព្រឹទ្ធសភាអាមេរិក ក្នុងសប្តាហ៍ក្រោយនេះ ដោយហៅការអញ្ជើញរបស់ពួកគេថា «គ្រាន់តែជាការទាក់ទាញ ចំណាប់អារម្មណ៍ប៉ុណ្ណោះ»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមអ្នកប្រជាធិបតេយ្យ បានចោទប្រកាន់លោក ត្រាំ ពីបទញុះញង់ឲ្យមានការវាយលុកចូលវិមានសភា (US Capitol) នៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ដោយអ្នកគាំទ្ររបស់លោក ដែលជាការវាយលុកដោយអំពើហិង្សា និងបណ្ដាលឲ្យមនុស្ស ០៥នាក់បានស្លាប់ទៀតផង។
ទីប្រឹក្សាជាន់ខ្ពស់ នៃយុទ្ធការឃោសនាបោះឆ្នោតឆ្នាំ២០២០ របស់លោក ត្រាំ គឺលោក ចេសុន មីល្លឺ (Jason Miller) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា «លោក ត្រាំ នឹងមិនចូលរួមផ្តល់សក្ខីកម្មនៅក្នុងនីតិវិធី ដែលមិនស្របទៅតាមរដ្ឋធម្មនុញ្ញនោះទេ»។ នៅក្នុងលិខិតចំហមួយ មេធាវីរបស់លោក ត្រាំ គឺលោក ព្រូស ខាស្តឺ (Bruce Castor) និងលោក ដេវីដ ឆូន (David Schoen) បានហៅសំណើរនេថា «ជាការទាក់ទាញយកចំណាប់អារម្មណ៍»។
គួរបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះមេធាវីរបស់លោក ត្រាំ បានច្រានចោលការចោទប្រកាន់ ពីបទញុះញង់ខាងលើនេះ និងបានអះអាងថា ការចាញ់ឆ្នោតរបស់លោក ត្រាំ គឺជាលទ្ធផលនៃការលួចបន្លំ៕