(រ៉ង់ហ្គូន)៖ ថ្នាក់ដឹកនាំម្នាក់ទៀតនៃគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ និងជាមនុស្សជំនិតរបស់លោកស្រី អោង សាន ស៊ូជី គឺលោក វីន ថេន (Win Htein) ត្រូវបានប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកើតមានរដ្ឋប្រហារមួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោក Win Htein មានអាយុ ៧៩ឆ្នាំ បានអះអាងពីការចាប់ខ្លួនរូបលោក ប្រាប់ទីភ្នាក់ព័ត៌មាន Reuters តាមទូរស័ព្ទនៅថ្ងៃសុក្រនេះ។ លោកបានបញ្ជាក់ថា ប៉ូលិសបានចាប់ ខ្លួនឡើងរថយន្ដមួយគ្រឿងចេញពីទីក្រុងរ៉ង់ហ្គូន ឆ្ពោះទៅកាន់រដ្ឋធានីណៃពីដោ។ ប៉ុន្តែលោក Win Htein មិនបានប្រាប់ឱ្យដឹងថា លោកត្រូវបានចាប់ខ្លួនពីបទល្មើសអ្វី ឬក៏បទចោទប្រកាន់ដែលលោក នឹងត្រូវប្រឈមមុខនោះឡើយ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ បើតាមសមាគមផ្ដល់ជំនួយរបស់មីយ៉ាន់ម៉ា សម្រាប់អ្នកទោសនយោបាយ គិតត្រឹមថ្ងៃសុក្រនេះមនុស្សសរុប ១៤៧នាក់ហើយ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈលោកស្រី អោង សាន ស៊ូជី ត្រូវបានប៉ូលិសមីយ៉ាន់ម៉ា ចោទប្រកាន់កាលពីថ្ងៃពុធថា បានល្មើសច្បាប់នាំចេញ-នាំចូល ដែលអាចឲ្យលោកស្រី ជាប់ពន្ធនាគារថែមទៀតផង៕