(វ៉ាស៊ីនតោន)៖ លោក Jeff Zucker នាយកប្រតិបត្តិទូរទស្សន៍ស៊ីអិនអិន(CNN) ដែលជាទូរទស្សន៍មួយដែលបានផ្លាស់ប្តូរបណ្តាញខ្សែកាប និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អាមេរិក ក្នុងរយៈពលមួយទសវត្សរ៍ចុងក្រោយនេះ បាននិយាយនៅក្នុងជំនួបជាមួយបុគ្គលិក CNN នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ(ម៉ោងនៅវ៉ាស៊ីនតោន)ថា លោកគ្រោងនឹងលាឈប់ពីមុខតំណែង នៅចុងឆ្នាំនេះ នៅពេលកុងត្រារបស់លោកផុតកំណត់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The NewYork Times នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកម្ភៈ ឆ្នាំ២០២១។
នាយកទូរទស្សន៍ CNN ដែលមានវ័យ ៥៥ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំមិននឹកស្មានដល់សោះថា វានឹងកើតឡើងនៅពេលនេះទេ...ខ្ញុំនឹងបញ្ចប់កិច្ចសន្យាបច្ចុប្បន្នរបស់ខ្ញុំ ដូចដែលខ្ញុំបាននិយាយថា វានឹងរក្សាខ្ញុំនៅទីនេះ រហូតដល់ដំណាច់ឆ្នាំនេះ។ នៅពេលនោះខ្ញុំរំពឹងថានឹងបន្តទៅមុខទៀត» ។
គួរបញ្ជាក់ថា នាយកប្រតិបត្តិរូបនេះ បានកែប្រែមុខមាត់បស់ទូរទស្សន៍ CNN បានយ៉ាងច្រើន ចាប់តាំងពីលោកចូលមកកាន់តំណែងនេះ កាលពីឆ្នាំ ២០១៣។ ជាពិសេស នាប៉ុន្មានខែចុងក្រោយនេះ បណ្តាញមួយនេះ ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ខណៈដែលលោក មានភាពតានតឹងជាមួយថៅកែ ដែលទើបឡើងថ្មី៕