(ព្យុងយ៉ាង)៖ ទីភ្នាក់ងារដឹកនាំកម្មវិធីចែកចាយវ៉ាក់សាំង ហៅកាត់ថា COVAX បាននិយាយថា ប្រទេសកូរ៉េខាងជើងបានស្នើសុំវ៉ាក់សាំងបង្ការជំងឺ COVID-19 ពីខ្លួន ហើយរំពឹងថានឹងទទួលបានប្រហែល ២លានដូស នៃវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca-Oxford នៅពាក់កណ្តាលឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកម្ភៈ ឆ្នាំ២០២១។
នេះគឺជាការបញ្ជាក់ជាផ្លូវការដំបូងបង្អស់ ដែលកូរ៉េខាងជើងបានស្នើសុំជំនួយអន្តរជាតិ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសមួយនេះ ត្រូវបានគេមើលឃើញថា មិនគ្រប់គ្រាន់សម្រាប់ការដោះស្រាយជាមួយនឹងការផ្ទុះរីករាលដាលទ្រង់ទ្រាយធំណាមួយឡើយ។
ទីក្រុងព្យុងយ៉ាង បានសម្រេចបិទព្រំដែនរបស់ខ្លួន កាលពីចុងខែមករាឆ្នាំមុន និងជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានធ្វើដូច្នោះ ក្នុងគោលបំណងការពារខ្លួនប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះ។
គួរបញ្ជាក់ថា រហូតមកទល់ពេល ប្រទេសដ៏ឯកោមួយនេះនៅតែអះអាងថា ខ្លួនមិនមានករណីឆ្លងជំងឺ COVID-19 សូម្បីតែមួយករណី៕