(ហ្សាការតា)៖ សមាគមន៍វេជ្ជសាស្ត្រឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា គ្រូពេទ្យចំនួន ៣០៣នាក់បានស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នៅប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងចំណោមគ្រូពេទ្យទាំង ៣០៣នាក់ដែលបានស្លាប់ដោយសារជំងឺ COVID-19 ខាងលើ មាន ១៦៩នាក់ជាគ្រូពេទ្យទូទៅ ខណៈ ១២៩នាក់ជាគ្រូពេទ្យឯកទេស និង ០៥នាក់ទៀតជាគ្រូពេទ្យស្តារ។ គ្រូពេទ្យវ័យចំណាស់ជាងគេដែលបានស្លាប់ដោយសារជំងឺនេះ មានអាយុចន្លោះពី ៨១-៨៥ឆ្នាំ និងវ័យក្មេងជាងគេ មានអាយុចន្លោះពី ២៨-៣០ឆ្នាំ។
គួរបញ្ជាក់ថា ខេត្តនៃប្រទេសឥណ្ឌូណេស៉ី ដែលបានកត់ត្រានូវចំនួនគ្រូពេទ្យដែលបានស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់បំផុត គឺខេត្តជ្វាខាងកើត (East Java) មានចំនួន ៦០នាក់ បន្ទាប់មកគឺទីក្រុងហ្សាការតា (Jakata) មានចំនួន ៤៤នាក់, ខេត្តជ្វាកណ្ដាល (Central Java) មានចំនួន ៤៤នាក់, ខេត្តជ្វាខាងលិច (West Java) មានចំនួន ៣៤នាក់, និងខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra) មានចំនួន ២៧នាក់៕