(ប៉េកាំង)៖ ថ្ងៃទី០៤ ខែកុម្ភៈ ជាខួបទីមួយនៃការរាប់ថយក្រោយ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ ខណៈពេលនេះ ចលនាកីឡាព្រិលទឹកកករបស់ប្រទេសចិន បានបញ្ចេញភាពក្លៀវក្លាកាន់តែខ្លាំងឡើងៗ។ រំលឹកពីដំណើរការនៅកាលពីមុន ចាប់ពីស្នើសុំរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង រហូតដល់ធ្វើការត្រៀមរៀបចំការប្រកួត សុទ្ធតែមានភាពរលូន។ «ល្បឿនចិន» ញ៉ាំងឱ្យអ្នកផងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រុងប៉េកាំងដែលនឹងរៀបចំទាំង ការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងរដូវរងា បាននិងកំពុងធ្វើការងារត្រៀមរៀបចំប្រកបដោយល្បឿនដ៏អស្ចារ្យ ដើម្បីអបអរស្វាគមន៍ភ្ញៀវដែលមកពីគ្រប់ទីកន្លែងនៅលើពិភពលោក ។
នៅឆ្នាំ២០២០ ពិតមែនតែការរីករាលដាលនៃជំងឺកូវីដ១៩ បាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោកក៏ដោយ ក៏ប៉ុន្តែ ប្រទេសចិនបានគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងក្នុងស្រុកមុនគេ ព្រមទាំងបានសម្រេចបាននូវ ការស្តារឡើងវិញខាងសេដ្ឋកិច្ច ដែលបានបង្កើតជាល័ក្ខខ័ណ្ឌមានអំណោយផល ដល់ការរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយរលូន ហើយការងារត្រៀមរៀបចំគ្រប់ផ្នែកនៃការប្រកួតកីឡាអូឡាំពិកក៏បាននិងកំពុងដំណើរការដោយមានរបៀបរៀបរយផងដែរ។
«ភាពអស្ចារ្យរបស់ចិន» នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបង្ហាញឱ្យឃើញនូវការងារត្រៀមរៀបចំគ្រប់ផ្នែក នៃការប្រកួតកីឡាអូឡាំពិក។ នៅចុងឆ្នាំ២០២០ កីឡាដ្ឋាននៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ចំនួន ១២កន្លែងត្រូវបានសាងសង់រួចតាមពេលកំណត់ ហេដ្ឋារចនាសម័្ពន្ធពាក់ព័ន្ធរបស់ការប្រកួតកីឡា ក៏បានសម្រេចទាំងស្រុងរួចហើយផងដែរ។
ដោយឡែកក្នុងដំណើរកែច្នៃ និងសាងសង់កីឡាដ្ឋាន និងរចនារូបភាពរបស់ការប្រកួត សុទ្ធតែបានបន្ថែមនូវលក្ខណៈពិសេសរបស់ប្រទេសចិន ដែលគួរឱ្យអ្នកផងចាប់អារម្មណ៍។ មជ្ឈមណ្ឌលជាតិកីឡាលោតជិះស្គី មជ្ឈមណ្ឌលជិះស្គី និងមជ្ឈមណ្ឌលកីឡារងាវិញ្ញាសាពីរ បានតភ្ជាប់គ្នាដោយស្ពានអាកាស បានបង្ហាញឱ្យឃើញនូវវប្បធម៌ប្រពៃណីចិន ក្រៅពីនេះ រូបសញ្ញាកីឡាចំនួន ៣០ នៃការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាអូឡាំពិករដូវរងាជនពិការក្រុងប៉េកាំង បានធ្វើតាមរយៈរូបភាពចម្លាក់ត្រាប្រពៃណីចិន ដែលបានរួមបញ្ចូលពីរូបភាព និងស្មារតីរបស់កីឡាព្រិលទឹកកក ព្រមនិងកម្លាំង និងភាពស្រស់ប្រិមប្រិយរបស់វប្បធម៌ចិន។
ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មិនត្រឹមតែបានប្រកបដោយលក្ខណៈពិសេស នៃប្រទេសចិនជាច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បានប្រកបដោយបច្ចេកទេសខ្ពស់ផងដែរ ។ មជ្ឈមណ្ឌលកីឡាជលជាតិ «គូបទឹក» បានក្លាយជា «គូបទឹកកក» ពោលគឺបានក្លាយជាកីឡាដ្ឋានទីមួយនៅលើពិភពលោក ដែលបានប្រែពីកីឡាដ្ឋានហែលទឹក ទៅជាកីឡាដ្ឋាននៃកីឡាលើទឹកកក។
ការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មិនត្រឹមតែបានកែប្រែមុខមាត់ នៃចលនាកីឡាព្រិលទឹកកករបស់ប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងបានកែប្រែជីវភាពរស់នៅរបស់ប្រជាជនចិន ដ៏ច្រើនកុះករទៀតផង។ នៅរដូវធ្លាក់ព្រិលឆ្នាំនេះ កន្លែងជិះស្គីនៃតំបន់នានានៃប្រទេសចិន មានអ្នកលេងច្រើនកកកុញ។
បច្ចុប្បន្ននេះ ដោយសារក្រុងប៉េកាំងនឹងរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងា បានជានាំឱ្យប្រជាជនចិនចំនួន ៣រយលាននាក់ មានបំណងចូលរួមយ៉ាងសកម្ម នូវកីឡាព្រិលទឹកកក ក្នុងបរិបទបែបនេះ កីឡាព្រិលទឹកកកបានក្លាយជាវិធីហាត់ប្រាណ និងបែបផែនជីវភាពរបស់មនុស្សកាន់តែច្រើនឡើងៗ។
ខណៈពេលពិសេសនៃប្រវតិ្តសាស្ត្រ ក្រុងប៉េកាំងដែលជាទីក្រុងបានរៀបចំទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងរដូវរងាមិនត្រឹមតែនឹងជិះឥទ្ធពលយ៉ាងស៊ីជម្រៅ និងវែងឆ្ងាយចំពោះការអភិវឌ្ឍចលនាកីឡាអូឡាំពិកប៉ុណ្ណោះទេ ថែមទាំងក៏អាចនាំមកនូវជំនឿចិត្តកាន់តែច្រើន សម្រាប់ឱ្យពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ផងដែរ៕