(ប៉េកាំង)៖ ខណៈឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតចូលមកដល់ ប្រធានាធីបតីចិន លោក ស៉ី ជិនពីង បានបំពេញដំណើរទស្សនកិច្ច នៅក្នុងខេត្ត Guizhou ភាគនិរតី ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរតាមមូលដ្ឋាន។
កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ស៉ី ជិនពីង បានអញ្ជើញទៅដល់ស្រុក Qianxi ដើម្បីត្រួតពិនិត្យប្រព័ន្ធអេកូបរិស្ថាននៃទន្លេ Wujiang និងឆ្លៀតឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋចិននៅឯភូមិ Huawu។ នៅឯទីលានវប្បធម៌ក្នុងភូមិនោះ លោកប្រធានាធិបតីចិន បានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធ ជាមួយប្រជាជនដែលចូលរួមសកម្មភាពទំនៀមទម្លាប់ផ្សេងៗ ត្រៀមស្វាគមន៍បុណ្យចូលឆ្នាំថ្មី ព្រមទាំងលោកក៏បានផ្ញើសារជូនពរ សម្រាប់ឱកាសឆ្នាំថ្មីប្រពៃណីចិនផងដែរ ទៅកាន់ប្រជាជនទាំងអស់ នៅទូទាំងប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងមកដល់នៅសប្តាហ៍ក្រោយនេះហើយ។ យោងតាមរបាយការណ៍ គិតចាប់តាំងពីសមាជបក្ស កុម្មុយនិស្តចិនលើកទី១៨មក ខេត្ត Guizhou សម្រេចបានការកាត់បន្ថយភាពក្រីក្រសម្រាប់ ប្រជាជនជាង៩.២លាននាក់ ក្នុងចំណោមចំនួន ប្រជាជនសរុបនៃខេត្តនេះខ្ទង់៣៤លាននាក់ ដែលជាចំនួនស្ថិតនៅលំដាប់ទី១ ទូទាំងប្រទេសចិន៕