(ប៉េកាំង)៖ លោក Bach បានផ្តល់បទសម្ភាសន៍ពិសេស ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដោយអះអាងពីជំនឿចិត្តចំពោះប្រទេសចិន ក្នុងការរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយជោគជ័យ។
នាពេលថ្មីៗនេះ លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ លោកBachបានថ្លែងថា ការងារត្រៀមរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានដំណើរយ៉ាងរលូន លោកមានជំនឿចិត្តជាខ្លាំង ចំពោះប្រទេសចិនក្នុងការរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយជោគជ័យ។ លោក Bach ក៏កោតសរសើរ ប្រទេសចិនដែលបានជំរុញឱ្យកីឡា និងការប្រកួតកីឡាអូឡាំពិក ឱ្យចេញផុតពីស្ថានការណ៍លំបាកដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក។
លោក Bach ក៏បានថ្លែងអំណរគុណចំពោះលោក ស៊ី ជិនពីង ប្រធានរដ្ឋចិន ដែលបានគាំទ្រការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងផងដែរ។
លោក Bach បានថ្លែងទៀតថា ប្រទេសចិនបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយជោគជ័យនេះមួយផ្នែក មួយផ្នែកទៀត ប្រទេសចិនបានចាត់ទុកកីឡា និងការប្រកួតកីឡាអូឡាំពិក ជាចំណែកមួយនៃការងើបចេញពីការរាតត្បាតនៃជំងឺកូវីដ១៩។ ដូច្នេះ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះលោក ស៊ី ជិនពីង។ យើងពេញចិត្តចំពោះការងារត្រៀមរៀបចំនាពេលបច្ចុប្បន្ននេះ។ ជាពិសេស ក្រោមស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩ កីឡដ្ឋានទាំងអស់សុទ្ធតែបានសាងសង់រួច មុនការកំណត់មួយឆ្នាំ នេះជាគំរូដ៏ល្អដែលបង្ហាញពីកម្លាំងចលករ ការប្តេជ្ញាចិត្ត និងប្រសិទ្ធភាពរបស់ប្រទេសចិន យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង។
លោក Bach បានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាអូឡាំពិកចាំបាច់ត្រូវរៀបចំធ្វើ ក្រោមទម្រង់និរន្តរភាព នេះក៏ជាគោលដៅមួយនៃ «របៀបវារៈឆ្នាំ២០២០នៃកីឡាអូឡាំពិក» ផងដែរ។ រីឯ ក្រុងប៉េកាំងក្នុងនាមជាទីក្រុងដំបូងបង្អស់ ដែលបានរៀបចំទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការប្រកួតកីឡាអូឡាំពិករដូវរងា មុខជានឹងត្រូវបានចារក្នុងទំព័រប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអូឡាំពិកជាមិនខាន៕