(បូហ្គូតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសថាវិទ្យាស្ថានជាតិចំណីអាហារ និងឃ្លាំមើលឱសថនៃប្រទេសរបស់លោក បានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ហើយ នូវវ៉ាក់សាំង COVID-19 អភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac Biotech។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយ តាមកញ្ចក់ទូរទស្សន៍ លោក Ivan Duque បានបញ្ជាក់ថាការសម្រេចចិត្តខាងលើ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញកូឡុំប៊ី វាយតម្លៃថាវ៉ាក់សាំង ក្រុមហ៊ុនចិន Sinovac ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព។ លោក Ivan Duque បន្ថែថា កូឡុំប៊ី គ្រោងនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនប្រជាជន របស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer កូឡុំប៊ី បច្ចុប្បន្ន មានអ្នកឆ្លង COVID-19 សរុប ២,១២៥,៦២២នាក់ ក្នុងនោះស្លាប់ ៥៤,៨៧៧នាក់ និងជាសះស្បើយឡើងវិញ ១,៩៨៨,៩៥៨នាក់៕