(អូស្លូ)៖ វិទ្យាស្ថានសុខភាពសាធារណៈន័រវេស (FHI) បានប្រកាសថា ខ្លួននឹងមិនផ្តល់ការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដល់មនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រសហ្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
FHI បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះមានមនុស្សចំនួន ១៣៥,០០០នាក់ហើយនៅប្រទេសន័រវេស បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងរបស់ពួកគេ ហើយមនុស្សចំនួន ៣៥,០០០នាក់ទៀត ក៏បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី ២ របស់ពួកគេផងដែរ ដោយប្រើប្រាស់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក Moderna និងក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech)។
FHI បានគូសបញ្ជាក់បន្ថែមថា កំឡុងពេលធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca គឺមានមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំចូលរួមតិចតួចបំផុត ដែលវាមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា តើវ៉ាក់សាំងនោះមានប្រសិទ្ធភាព លើក្រុមមនុស្សវ័យចំណាស់ទាំងនោះដែរ ឬយ៉ាងណាទេ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសន័រវេសបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៦៣,៨៣៩ករណី ក្នុងនោះមានអ្នកស្លាប់ ៥៧៤នាក់ និងអ្នកជាសះស្បើយ ៥៧,០០៤នាក់៕