Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កោះតៃវ៉ាន់ទើបបើកការិយាល័យពាណិជ្ជកម្ម នៅប្រទេសហ្គីយ៉ាណា ដោយមានការគាំទ្រពីអាមេរិក ​​​​(Video inside)

04-02-2021 16:04

(តៃប៉ិ)៖ កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួនបានបង្កើតការិយាល័យពាណិជ្ជកម្មមួយ នៅប្រទេសហ្គីយ៉ាណា (Guyana) ជាជំហានមួយដែលសហរដ្ឋអាមេរិកបានហៅថា «ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត» ខណៈទីក្រុងតៃប៉ិបាននិងកំពុងព្យាយាម តស៊ូនឹងយុទ្ធនាការរបស់ប្រទេសចិន ដែលចង់ឲ្យប្រទេសមួយចំនួន ដែលនៅបន្តគាំទ្រកោះតៃវ៉ាន់ ងាកមកគាំទ្រនយោបាយចិនតែមួយវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

ទីក្រុងតៃប៉ិបានគូសបញ្ជាក់ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយប្រទេសហ្គីយ៉ាណាកាលពីខែមុន ដើម្បីបង្កើតការិយាល័យកោះតៃវ៉ាន់ នៅលើទឹកដីប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។ លោកស្រី ជូលី ជុង (Julie Chung) ជំនួយការស្តីទីនៃរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បានសរសេរសារបង្ហោះ នៅលើបណ្តាញសង្គម Twitter ថា «ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ក៏ដូចជាពង្រឹងសន្តិសុខ តម្លៃប្រជាធិបតេយ្យ និងវិបុលភាពនៅក្នុងតំបន់ផងដែរ»។ ស្ថានទូតអាមេរិកប្រចាំនៅប្រទេស Guyana ចេញសេចក្តីថ្លែងការណ៍គាំទ្រផងដែរ ចំពោះអ្វីដែលបានកើតឡើងនេះ

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសតៃវ៉ាន់ ការិយាល័យពាណិជ្ជកម្មនៅប្រទេស Guyana បានចាប់ផ្តើមប្រតិបត្តិការជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ហើយប្រទេស Guyana នឹងទទួលបានលក្ខខណ្ឌ និងឯកសិទ្ធិប្រហាក់ប្រហែលគ្នា ប្រសិនបើវាសំរេចចិត្តបង្កើតការិយាល័យ នៅកោះតៃវ៉ាន់វិញ។

Guyana គឺជាប្រជាជាតិមួយស្ថិតនៅភាគខាងជើង នៃតំបន់អាមេរិកឡាទីន ដែលមានប្រជាជនសរុបតែជិត ៨សែននាក់ប៉ុណ្ណោះ។ ដៃគូពាណិជ្ជកម្មធំៗរបស់ប្រទេស ជាប់សមុទ្រអាត្លង់ទិចមួយនេះគឺ សហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងប៉ាណាម៉ាជាដើម៕