(យ៉ាងហ្គន)៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) បានលេចមុខក្លាយជា «បុរសខ្លាំងថ្មី»ម្នាក់ របស់ប្រទេសមីយ៉ាន់ម៉ា ក្រោយ មានរដ្ឋប្រហារចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅ។ បន្ទាប់ពី រដ្ឋប្រហារដែលទទួលបានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិក យោធាមីយ៉ាន់ម៉ា បានប្រកាសភ្លាមៗ ដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ ហើយប្រគល់សិទ្ធិអំណាចគ្រប់យ៉ាងទៅឱ្យលោក មីន អោង ហ្លេង។

តើលោក មីន អោង ហ្លេង ជានរណា? ហើយហេតុអ្វីបានជាលោកមានឥទ្ធិពលខ្លាំងម្លេះ នៅក្នុងប្រទសមីយ៉ាន់ម៉ា? តាមការពិតទៅ លោក មីន អោង ហ្លេង ដែលបច្ចុប្បន្ន មានអាយុ ៦៤ឆ្នាំ ត្រូវបានច្បាប់មីយ៉ាន់ម៉ា តម្រូវឱ្យចូលនិវត្តន៍ពីយោធា នៅពេលលោកមានអាយុឈានចូល ៦៥ឆ្នាំ នៅខែកក្កដា ឆ្នាំ២០២១នេះ។ ក៏ប៉ុន្តែ ជំនួសឱ្យការ ចូលនិវត្តន៍ដោយស្ងាត់ៗ លោកបែរជាដឹកនាំការធ្វើរដ្ឋប្រហារទៅវិញ ដើម្បីពង្រឹងអំណាចរបស់លោកកាន់តែខ្លាំង។ ក្រុមអ្នកវិភាគភាគច្រើន យល់ថាការធ្វើរដ្ឋប្រហារ កាលពីថ្ងៃចន្ទ អាចមានជាប់ពាក់ព័ន្ធនឹងមហិច្ឆតាចង់ «ក្លាយជាប្រធានាធិបតី» នៅពេលលោក មីន អោង ហ្លេង ចូលនិវត្តន៍ពីយោធា ដោយលោកអាចនឹងយកគំរូតាម នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា តាមរយៈការលាលែង ឬចូលនិវត្តន៍ពីយោធា ដើម្បីទៅដឹកនាំរដ្ឋាភិបាលស៊ីវិលមួយ ជាមួយការរៀបចំការបោះឆ្នោតថ្មី ដែលដាក់កំហិត លើបក្សប្រឆាំង។

*ពីសិស្សទាហានម្នាក់ ក្លាយជាអគ្គមេបញ្ជាការយោធា

ចាប់កំណើតនៅក្នុងទីក្រុង Tavoy ឬ Dawei ស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានចាប់ផ្ដើមការសិក្សារបស់ខ្លួននៅក្នុងទីក្រុង យ៉ាងហ្គន ហើយនៅពេល មានអាយុ១៨ឆ្នាំ លោកបានចូលសិក្សាក្នុងសាលាយោធាក្នុងនាមជាសិស្សទាហានធម្មតាម្នាក់ ក្រោយចំណាយពេល ២ឆ្នាំ រៀននៅសាលាច្បាប់។ ប្រវត្តិ និងលក្ខណៈបុគ្គលកាលពីនៅកុមារភាពរបស់លោក មិនត្រូវបានគេដឹងយ៉ាងទូលំទូលាយនោះទេ។

បើតាមកាសែតអាមេរិក New York Times មិត្តភក្តិមួយចំនួនកាលនៅរៀន បានចាត់ទុកលោក មីន អោង ហ្លេង ជាមនុស្សម្នាក់មានភាពស្ងៀមស្ងាត់ និងមិនចូលចិត្ត និយាយច្រើន ខណៈអ្នកខ្លះទៀតថា លោក ចេះយកអាសា និងការពារមិត្តរួមថ្នាក់របស់ខ្លួន ពីការធ្វើបាបពីសិស្សដទៃ។ លោក ឡា អូ (Hla Oo) ជាអ្នកនិពន្ធមីយ៉ាន់ម៉ា ម្នាក់ ដែលកំពុងរស់នៅជ្រកកោនក្នុងប្រទេសអូស្ត្រាលី បាននិយាយថា លោក មីន អោង ហ្លេង ធ្លាប់ជាយុវជនដ៏ឧស្សាហ៍ម្នាក់, ប្រឹងប្រែងធ្វើការ និងមានការតស៊ូខ្ពស់បំផុត ក្នុងជួរទ័ពផងដែរ។

ក៏ប៉ុន្តែ បើតាមអតីតសិស្សទាហានម្នាក់ គ្មាននរណាម្នាក់ជឿថា បុរសដែលមិនសូវមាត់ករម្នាក់នេះ អាចក្លាយជាអគ្គមេបញ្ជាការយោធា ឡើយ។ អតីតសិស្សទាហានដែល ធ្លាប់រៀនជាមួយលោក មីន អោង ហ្លេង រូបនេះ បានបន្តប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ទៀតថា ការឡើងតំណែងរបស់លោក នៅក្នុងជួរកងទ័ពមានភាពយឺតយ៉ាវ តែមានភាពច្បាស់លាស់។ យ៉ាងណាក៏ដោយ លោក មីន អោង ហ្លេង ចាប់ផ្ដើមមានសំណាង និងឡើងតំណែងជាបន្តបន្ទាប់ ក្រោយលោកបានចូលរួមនៅក្នុងកងពលតូច ថ្មើរជើងលេខ៨៨ ដែលកាលណោះស្ថិតនៅក្រោមគ្រប់គ្រងរបស់វរសនីយឯក លោក ថាន់ ស្វេ (Than Shwe)។

លោក មីន អោង ហ្លេង បានចាត់ទុកលោក ថាន់ ស្វេ គឺជានិមិត្តរូប និងជាមគ្គទេសក៍ម្នាក់របស់លោក ហើយបន្តធ្វើការជាមួយអតីតបុរសខ្លាំងរូបនេះដែលបានក្លាយជា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅឆ្នាំ១៩៩២។ នៅឆ្នាំ២០០៩ លោក មីន អោង ហ្លេង បានក្លាយជាមេបញ្ជាការការិយាល័យប្រតិបត្តិការពិសេសភូមិភាគទី២ និងក្លាយជា នាយសេនាធិការកងទ័ពចម្រុះ នៅខែសីហា ឆ្នាំ២០១០ ហើយត្រូវរង់ចាំរហូតដល់ខែមីនា ឆ្នាំ២០១១ ទើបលោកឡើងកាន់តំណែងជំនួសលោក ថាន់ ស្វេ ក្នុងនាមជា អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា មកទល់នឹងបច្ចុប្បន្ន។

*ទាញប្រជាប្រិយភាពពីបណ្ដាញទំនាក់ទំនងសង្គម

បើតាមក្រុមអ្នកឃ្លាំមើលស្ថានការណ៍នៅមីយ៉ាន់ម៉ា លោក ថាន់ ស្វេ សម្រេចចិត្តជ្រើសរើសលោក មីន អោង ហ្លេង ឱ្យបន្តវេនពីលោកជាអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា គឺដោយសារតែជឿជាក់ថា លោក មីន អោង ហ្លេង អាចនឹងបន្តរក្សា ក៏ដូចជាបន្តអនុវត្តតាមចក្ខុវិស័យរបស់លោកចំពោះកងទ័ព និងប្រទេសជាតិ។ ជំហានដំបូងក្នុង ការទាញយកប្រជាប្រិយភាពពីប្រជាជនមីយ៉ាន់ម៉ា នោះគឺលោក មីន អោង ហ្លេង បានបង្កភាពភ្ញាក់ផ្អើលមួយនៅក្នុងប្រទេស និងពេញពិភពលោក តាមរយៈការផ្សះផ្សា ជាតិ។

លោក សុខចិត្តចរចាចែករំលែកអំណាចជាមួយលោកស្រី អោង សាន ស៊ូជី ដើម្បីបង្ហាញពិភពលោកថា មីយ៉ាន់ម៉ា កំពុងដើរទៅរកលទ្ធិប្រជាធិបតេយ្យ ដោយរៀបចំការ បោះឆ្នោតសកលមួយ កាលពីឆ្នាំ២០១៥ ដែលជាការបិទបញ្ចប់របបដឹកនាំដោយយោធាជិត ៥០ឆ្នាំ។ លើសពីនេះទៅទៀត លោក មីន អោង ហ្លេង ក៏បានធ្វើរឿងជាច្រើន ផ្សេងទៀតផងដែរ ដើម្បីបង្ហាញប្រជាជនមីយ៉ាន់ម៉ា ថាយោធាគឺជាតួអង្គនយោបាយដ៏សំខាន់មិនអាចខ្វះបាន។ លោកបានបំពេញទស្សនកិច្ចទៅក្រៅប្រទេស ជាច្រើនលើក ក្នុងនោះរួមមានទាំងចិន និងជប៉ុន ហើយលោកក៏បានទទួលសា្វគមន៍ មេដឹកនាំពិភពលោកកំពូលៗជាច្រើននាក់ផងដែរ ដូចជាសម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស័រ កាលពីឆ្នាំ២០១៧ ជាដើម។

ដំណើរទស្សនកិច្ច និងជំនួបប្រជុំទាំងនោះ ត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងព្រោងព្រាត ដោយធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ា ស្គាល់លោក មីន អោង ហ្លេង កាន់តែច្រើន។ «គាត់ (លោក មីន អោង ហ្លេង) គឺជាមនុស្សម្នាក់ដែលប៉ិនប្រសប់ទាញយកប្រជាប្រិយភាព ក្នុងនាមជាមេដឹកនាំម្នាក់, មានការប្រុងប្រយ័ត្នចំពោះព័ត៌មាន ទាំងតូចតាច និងធំ»។ នេះគឺជាការបញ្ជាក់របស់លោក មីន ហ្ស៊ីន (Min Zin) ជានាយវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រ និងគោលនយោបាយ មានមូលដ្ឋានក្នុង ទីក្រុងយ៉ាងហ្គន ប្រាប់កាសែត New York Times។

តែទោះជាយ៉ាងនេះក្ដី នៅឆ្នាំ២០១៦ រូបភាព និងទំនាក់ទំនងនៅលើឆាកអន្តរជាតិរបស់លោក មីន អោង ហ្លេង បានរង្គោះរង្គើរយ៉ាងខ្លាំង បន្ទាប់ពីលោកត្រូវបានគេចោទ ប្រកាន់ថាជាអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាល និងនៅពីក្រោយអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិដើមភាគតិចមូស្លីមរ៉ូហីងយ៉ា នៅក្នុងរដ្ឋ Rakhine៕

ប្រភព៖ AFP