(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នឹងបើកទ្វារទទួលយកវ៉ាក់សាំងបង្ការ COVID-19 របស់ប្រទេសចិន និងរុស្ស៊ី ខណៈតំបន់ដ៏មានឥទ្ធិពលមួយនេះ កំពុងជួបភាពរាំងស្ទះក្នុងការទទួលបានវ៉ាក់សាំង តាមការបញ្ជាការទិញពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ពី AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី វ៉ុន ដឺរ ឡេយ៉េន (Ursula von der Leyen) បានធ្វើការបញ្ជាក់ក្នុងសប្តាហ៍នេះ ក្រោយបញ្ចប់កិច្ចប្រជុំរវាងសមាជិកសភាអឺរ៉ុបថា «ក្រុមហ៊ុនផលិតវ៉ាក់សាំងមកពីចិន និងរុស្ស៊ីអាច ទទួលបានឱកាសចូលមកទីផ្សារអឺរ៉ុប ដូចវ៉ាក់សាំងផ្សេងៗទៀត (អាមេរិក-អាល្លឺម៉ង់ និងអង់គ្លេស) ប្រសិនបើពួកគេអាច បើកបង្ហាញទិន្នន័យទាំងអស់ ស្តីអំពីវ៉ាក់សាំងរបស់ពួកគេនោះ...»។
បន្ថែមពីខាងលើនេះ បើតាមអ្នកនាំពាក្យមួយរូបរបស់សហភាពអឺរ៉ុប បានប្រាប់សារព័ត៌មាន AFP ថា តម្រូវការមួយរបស់ប្លុកមួយនេះ គឺក្រុមហ៊ុនផលិតវ៉ាក់សាំងនានា អាចធ្វើការផលិតនៅក្នុងប្លុកអឺរ៉ុបផ្ទាល់។ កន្លងមកនេះ សហភាពអឺរ៉ុបបានអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech, Moderna និង AstraZeneca នៅក្នុងករណីបន្ទាន់រួចទៅហើយ។
គួរបញ្ជាក់ថា ការបង្ហើបអំពីចេតនា បើកទ្វារទទួលស្វាគមន៍វ៉ាក់សាំង COVID-19 ពីប្រទេសចិន និងរុស្ស៊ីខាងលើនេះ បានកើតមានឡើងអំឡុងពេលដែលអឺរ៉ុបទាំងមូល កំពុងប្រឈមមុខបញ្ហាខ្វះខាតវ៉ាក់សាំង ដើម្បីបំពេញទៅតាមផែនការចាក់ សម្រាប់បណ្តាប្រទេសជាសមាជិករបស់ខ្លួន ព្រោះតែភាពយឺតយ៉ាវ នៃការផ្គត់ផ្គង់ពីសំណាក់ក្រុមហ៊ុនអាមេរិក និងអង់គ្លេស ទៅតាមអ្វីដែលបានព្រមព្រៀង៕