(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទើបតែបានផ្តល់ការយល់ព្រមឲ្យទិញឧទ្ធម្ភាគចក្រយោធា Black Hawk ចំនួន១៥គ្រឿងបន្ថែមទៀត ដើម្បីពង្រឹងបរិក្ខាយោធាផ្លូវអាកាសរបស់កងទ័ពហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ខារឡូ ណូក្រាលស៍ (Karlo Nograles) រដ្ឋមន្រ្តីខុទ្ទកាល័យប្រធានាធិបតីហ្វីលីពីន បានប្រាប់ថា ការទិញឧទ្ធម្ភាគចក្រ Black Hawk ចំនួន១៥គ្រឿងថ្មីនេះ គឺបន្ថែមពីឧទ្ធម្ភាគចក្រ S-70i Black Hawk របស់ក្រុមហ៊ុន ស៉ីឃ័រស្គី (Sikorsky) នៅអាមេរិក ដែលហ្វីលីពីនបានទិញកាលពីឆ្នាំ២០១៩។ យ៉ាងណាមិញ លោក Nograles បានគូសបញ្ជាក់ថា តួលេខ១៥គ្រឿងនេះ អាចនឹងមានការប្រែប្រួល ដែលអាស្រ័យលើ ថវិកាជាក់ស្តែង។ បើតាមលោក Nograles ហ្វីលីពីនត្រូវការឧទ្ធម្ភាគចក្រយោធាសរុបយ៉ាងហោចចំនួន ៧៦គ្រឿង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ហ្វីលីពីនទទួលបានឧទ្ធម្ភាគចក្រ S-70i Black Hawk ចំនួន០៦គ្រឿងដំបូង ក្នុងចំណោម១៦គ្រឿង ដែលខ្លួនបានបញ្ជាទិញកាលពីឆ្នាំ២០១៩។ សម្រាប់១០គ្រឿងចុងក្រោយ ត្រូវគេរំពឹងថានឹងត្រូវប្រគល់ដល់ដៃយោធាហ្វីលីពីន នៅអំឡុងត្រីមាសទី១ នៃឆ្នាំ២០២១នេះ៕