(អូតាវ៉ា)៖ ប្រទេសកាណាដានៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅកាណាដា) បានកត់ឈ្មោះក្រុមស្តាំនិយម Proud Boys នៅអាមេរិក ចូលទៅក្នុងបញ្ជីក្រុមភេរវករ ក្រោមហេតុផលថា ក្រុមនេះបង្កការគំរាមកំហែងផ្នែកសន្តិសុខ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងព្រឹត្តិការណ៍លុកលុយវិមានសភាអាមេរិកកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុវត្ថិភាពសាធារណៈកាណាដាលោក បៀល ប៊្លែរ (Bill Blair) បាននិយាយថា ទោះបីជាក្រុម Proud Boys មិនធ្លាប់បង្កការវាយប្រហារ នៅក្នុងប្រទេសកាណាដាផ្ទាល់ក៏ដោយ អាជ្ញាធរស៉ើបការណ៍សម្ងាត់របស់កាណាដា បានកើនក្តីបារម្ភកាន់តែខ្លាំងឡើងៗ អំពីក្រុមស្តាំនិយមអាមេរិកនេះ។ ដូច្នេះហើយ ទើបកាណាដាសម្រេចចិត្តចាត់បញ្ចូលក្រុម Proud Boys ចូលក្នុងបញ្ជីក្រុមភេរវករ នាពេលនេះ។

តាមរយៈការកត់ឈ្មោះចូលបញ្ជីខាងលើ ទ្រព្យសម្បត្តិទាំងឡាយរបស់ក្រុម Proud Boys ចាប់ពីឥឡូវ អាចត្រូវបង្កកទុកដោយបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់កាណាដា ហើយពលរដ្ឋកាណាដា ក៏ត្រូវហាមឃាត់មិនឲ្យមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ ជាមួយក្រុមនេះផងដែរ។ ចំណែក បុគ្គលណាដែលសមាជិករបស់ក្រុមនេះ អាចត្រូវរារាំងមិនឲ្យចូលប្រទេសកាណាដាបាន។

គួរបញ្ជាក់ថា អ្នកដែលបានបង្កើតក្រុម Proud Boys ឡើង មានឈ្មោះថា ហ្គាវីន មែឃីនីស (Gavin Mclnnes) ដែលជាជនជាតិកាណាដា រស់នៅក្នុងសហរដ្ឋអាមេរិក។ ដោយឡែក អាជ្ញាធរអាមេរិកក៏បានធ្វើការចោទប្រកាន់ជាផ្លូវការ ចំពោះសមាជិកមួយចំនួនរបស់ក្រុម Proud Boys ផងដែរ ក្រោមការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ចូលអុកឡុកវិមានសភាអាមេរិក កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ ដែលបានបណ្តាលឲ្យមានមនុស្ស០៥នាក់ស្លាប់ថែមទៀត៕