(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រទេសថៃប្រកាសបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០៩នាក់ទៀត ដោយក្នុងនោះ ៧៩៦នាក់ជាករណីឆ្លងក្នុងស្រុក និង ១៣នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នារសៀលថ្ងៃព្រហស្បតិ៍នេះ។
អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានគូសបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ៧៩៦នាក់នោះ អ្នកឆ្លង ៧៥១នាក់ត្រូវបានធ្វើតេស្តរកឃើញ នៅក្នុងសហគមន៍ដែលពួកគេរស់នៅតែម្តង ខណៈ ៤៥នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញ នៅតាមមន្ទីរពេទ្យ។
គ្រាន់តែខេត្ត សាមុន សាខន មួយប៉ុណ្ណោះបានរ៉ាប់រងករណីឆ្លងថ្មីៗខាងលើនេះ រហូតដល់ទៅ ៧៨៦នាក់តែឯងទៅហើយ ដោយក្នុងនោះ ៧៥០នាក់ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ (៥៤៩នាក់ជាជនជាតិមីយ៉ាន់ម៉ា និង ២០១នាក់ជាជនជាតិថៃ) ខណៈ ៣៦នាក់ទៀត (២៤នាក់ជាជនជាតិមីយ៉ាន់ម៉ា និង ១២នាក់ជាជនជាតិថៃ) ត្រូវបានធ្វើតេស្តរកឃើញនៅក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានរកឃើញករណីឆ្លង COVID-19 សរុប ២២,០៥៨ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ៧៩នាក់ និង ១៤,៧៩៨នាក់ (៦៧%នៃករណីឆ្លងសរុប) បានជាសះស្បើយឡើងវិញ៕