(អ៉ីស្តង់ប៊ុល)៖ យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅក្នុងប្រទេសតួកគី កំពុងបន្តប្រព្រឹត្តទៅយ៉ាងរលូន និងយ៉ាងឆាប់រហ័ស ជាមួយការប្រើប្រាស់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន Sinovac។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ចាប់តាំងតែពីថ្ងៃទី១៤ ខែមករា ជាពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បានចាប់ផ្តើមមកទល់ពេលនេះ ប្រជាជនតួកគីខ្ទង់ជាង ២.២លាននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំង COVID-19 ដូសដំបូង ក្នុងចំណោមប្រជាជនសរុបជាង ៨០លាននាក់។ មកទល់ឥឡូវ តួកគីទទួលបានវ៉ាក់សាំងសរុបចំនួន ១៣.៥លានដូសពីចិន តាមរយៈជើងដឹកជញ្ជូន ០៣លើកផ្សេងគ្នា ដែលស្ថិតក្រោមកិច្ចព្រមព្រៀងទិញវ៉ាក់សាំង សរុបចំនួន ៥០លានដូស។
យោងតាមក្រសួងសុខាភិបាលតួកគី យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង COVID-19 បាននិងកំពុងបន្តដំណើរការទៅមុខយ៉ាងរលូន និងឆាប់រហ័សតាមការរំពឹងទុក ជាមួយការជឿជាក់ខ្ពស់ពីសំណាក់ប្រជាជនតួកគី ចំពោះវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac។ លទ្ធផលនៃការធ្វើតេស្ត ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសតួកគីផ្ទាល់ បានបង្ហាញថា វ៉ាក់សាំង COVID-19 របស់ Sinovac មានប្រសិទ្ធភាពដល់ទៅ ៩១.២៥ភាគរយ៕