(ហ្សឺណែវ)៖ សហស្ថាប័នដែលដឹកនាំកម្មវិធី COVAX បានប្រកាសឲ្យដឹងថា ខ្លួនបានទំនុកបម្រុងវ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ៣៣០លានដូសទុកសម្រាប់ចែកចាយដល់បណ្ដាប្រទេសក្រីក្រ ព្រមទាំងមានគោលបំណងចែកចាយវ៉ាក់សាំង រាប់លានដូសបន្ថែមទៀត នៅក្នុងឆមាសទី ១ នៃឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមក្រុមអ្នកដឹកនាំកម្មវិធី COVAX បានឲ្យដឹងថា វ៉ាក់សាំង COVID-19 នឹងត្រូវចែកចាយជាមធ្យម ៣.៣ភាគរយនៃប្រជាជនសរុបក្នុងប្រទេសចំនួន ១៤៥ ដែលបានចូលរួមកម្មវិធី COVAX នេះនៅក្នុងដំណាក់កាលដំបូង។ ការទំនុកបម្រុងវ៉ាក់សាំងយ៉ាងហោចណាស់ ៣៣០លានដូសខាងលើនេះ រួមមានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ចំនួន ២៤០លានដូស ដែលត្រូវបានទទួលសិទ្ធិផលិតដោយ វិទ្យាស្ថានស៊ែរឹម (Serum) នៃប្រទេសឥណ្ឌា (ទើបបូកបន្ថែមវ៉ាក់សាំង COVID-19 ចំនួន ៩៦លានដូសទៀត ដែលផលិតដោយ AstraZeneca) និង ១.២លានដូសផ្សេងទៀត ដែលផលិតដោយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech)។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិរបស់សម្ព័ន្ធដើម្បីវ៉ាក់សាំង (GAVI) លោក សិត ប៊ឺឃ្លី (Seth Berkley) បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងនឹងអាចចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោកនាពេលឆាប់ៗខាងមុខនេះហើយ ដែលវ៉ាក់សាំងនៃកម្មវិធី COVAX ដំបូងបង្អស់ គួរតែត្រូវបានចែកចាយនៅចុងខែកុម្ភៈ និងដើមខែមីនាខាងមុខនេះ»។
គួរបញ្ជាក់ថា កម្មវិធី COVAX ត្រូវបានដឹកនាំរួមគ្នាដោយ សម្ព័ន្ធដើម្បីការអភិវឌ្ឍវ៉ាក់សាំង (GAVI), អង្គការសុខភាពពិភពលោក (WHO), សម្ព័ន្ធភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត (CEPI), និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ក្នុងការធានាបាននូវការចែកចាយវ៉ាក់សាំង COVID-19 សម្រាប់ប្រទេសក្រីក្រ ប្រកបដោយសុវត្ថិភាព, គុណភាព, ប្រសិទ្ធភាព និងតម្លាភាព៕