(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃពុធ ទី៣ ខែកុម្ភៈនេះ បានច្រានចោលនូវការលើកឡើងដែលថា ខ្លួនបានគាំទ្រឬផ្តល់ការយល់ព្រមចំពោះរដ្ឋប្រហារយោធា ដែលបានកើតឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅប្រទេសជិតខាងមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី០៣ ខែកម្ភៈ ឆ្នាំ២០២១។
ឆ្លើយតបនឹងសំណួរដែលបានលើកឡើង នៅឯសន្និសីទខ្លីប្រចាំថ្ងៃ លោក Wang Win Bin អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា«ការលើកឡើងទ្រឹស្តីពាក់ព័ន្ធ(Relevant theory) ក្នុងបរិបទនេះគឺមិនត្រឹមត្រូវទេ។ ក្នុងនាមជាប្រទេសជិតខាងដែលមានភាពរួសរាយរាក់ទាក់ជាមួយមីយ៉ាន់ម៉ា យើងសង្ឃឹមថាភាគីទាំងអស់នៅប្រទេសជិតខាងមួយនេះ អាចដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេឲ្យបានត្រឹមត្រូវ ស្របតាមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងក្របខ័ណ្ឌច្បាប់ ដើម្បីការពារស្ថេរភាពនយោបាយនិងសង្គម»។
លោក Wangបានបន្ថែមទៀតថា ប្រទេសចិនដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា យល់ដឹងយ៉ាងច្បាស់ អំពីស្ថានភាពបច្ចប្បន្ននៅពេលនោះ។
គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បានគាំទ្រមីយ៉ាន់ម៉ា កាលពីសម័យដែលប្រទេសនេះស្ថិតក្រោមរបបយោធា ប៉ុន្តែចិនក៏តែបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាដដែល នៅក្រោយពេលលោកស្រី អោង សាន ស៊ូជី ក្លាយជាមេដឹកនាំរបស់សហភាពមីយ៉ាន់ម៉ា៕