(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃពុធនេះបាននិយាយថា ប្រទេសចិនបានសំរេចចិត្តផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១០ លានដូស ជូនដល់កម្មវិធី COVAX ដើម្បីបំពេញតំរូវការបន្ទាន់ របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ស្របតាមការស្នើសុំរបស់អង្គការសុខភាពពិភពលោក (WHO) ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០៣ ខែកម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅថ្ងៃនេះថា«វាគឺជាវិធានការដ៏សំខាន់មួយទៀត ដែលប្រទេសចិនបានអនុវត្តដើម្បីលើកកម្ពស់ការចែកចាយវ៉ាក់សាំង ប្រកបដោយសមធម៌ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ក៏ដូចជាការបណ្តុះគំនិតសហគមន៍សុខភាពពិភពលោក សម្រាប់យើងទាំងអស់គ្នា»។
ជាមួយគ្នានេះ លោក Wang បានសង្កត់ធ្ងន់ថា យើងសង្ឃឹមថាបណ្តាប្រទេសដែលមានសមត្ថភាពគ្រាន់បើ នៅជុំវិញពិភពលោក នឹងអាចដើរតួយ៉ាងសកម្ម និងចាត់វិធានការជាក់ស្តែង ដើម្បីគាំទ្រដល់វិស័យសុខាភិបាល ក៏ដូចជាការងាររបស់អង្គការសុខភាពពិភពលោក ក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍ ឲ្យទទួលវ៉ាក់សាំងបានទាន់ពេលវេលា...»។
គួរបញ្ជាក់ថា ប្រទេសចិនបានចូលរួមជាផ្លូវការជាមួយកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក និងបានរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក។ កម្មវិធី COVAX នេះ ជាយន្តការអន្តរជាតិមួយដែលបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោកហៅកាត់ WHO និងសម្ព័ន្ធដើម្បីវ៉ាក់សាំង ហៅកាត់ Gavi។ កម្មវត្ថុរបស់យន្តការកូវ៉ាក់ គឺការចែកចាយវ៉ាក់សាំងបង្ការកូវីដ១៩ ឲ្យក្រុមប្រទេសក្រីក្រក្នុងលោក៕