(អ៊ីស្លាម៉ាបាដ)៖ មជ្ឈមណ្ឌលជាតិបញ្ជាការ និងប្រតិបត្ដិការ (NCOC) នៃប្រទេសប៉ាគីស្ថាន បានប្រកាសនៅថ្ងៃពុធនេះថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៉ីណូផាម (Sinopharm) ដែលបានបរិច្ចាគដល់បុគ្គលិកសុខាភិបាលជួរមុខរបស់ខ្លួន ត្រូវបានចាប់ដំណើរការចាក់ជាផ្លូវការ នៅទូទាំងប្រទេសហើយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
NCOC បានធ្វើពិធីមួយឡើង ដើម្បីជាកិច្ចបើកដំណើរការចាក់វ៉ាក់សាំង COVID-19 ជាផ្លូវការ ជូនដល់បុគ្គលិកជួរមុខចំនួន ៣នាក់ ដែលមកពីក្រសួងសុខាភិបាល និងមន្ទីរពេទ្យធំៗចំនួន២ ដែលមានមូលដ្ឋាននៅរដ្ឋធានី នៃប្រទេសប៉ាគីស្ថាន។
ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីទទួលបន្ទុកផែនការ អភិវឌ្ឍ និងគំនិតផ្តួចផ្តើមពិសេសប៉ាគីស្ថាន លោក Asad Umar បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថានក្នុងគ្រាមានអាសន្ន។
គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ចំនួន ៥០០,០០០ដូសបានមកដល់ប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ពីទីក្រុងប៉េកាំង ដែលដឹកជញ្ជូនតាមរយៈយន្តហោះពិសេសរបស់កងទ័ពអាកាសប៉ាគីស្ថាន។
បើតាមគេហទំព័រ Worldometers រហូតមកដល់ពេលនេះ ប្រទេសប៉ាគីស្ថាន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៥៤៩,០៣២រណី ក្នុងនោះមានអ្នកស្លាប់ ១១,៨០២នាក់ និងអ្នកជាសះស្បើយ ៥០៤,០៤៦នាក់៕