(រ៉ង់ហ្គូន)៖ ប្រភពពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅប្រទេសមីយ៉ាន់ម៉ាបានអះអាងថា លោកប្រធានាធិបតី យូ វីន ម្យីន៍ (U Win Myint) និងលោកស្រី អោង សាន ស៊ូជី នឹងត្រូវបន្តជាប់ឃុំខ្លួន រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៣ ខែកុម្ភៈ។
បើតាមសេចក្តីប្រកាសដោយគណបក្ស NLD នៅលើគណនីបណ្តាញសង្គមរបស់ខ្លួន លោកប្រធានាធិបតី U Win Myint ត្រូវបានប៉ូលិសចោទប្រកាន់ដោយយោងទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ខណៈលោកស្រី អោង សាន ស៊ូជី ដែលមានតំណែងជាទីប្រឹក្សារដ្ឋវិញ ក៏ត្រូវបានចោទប្រកាន់ផងដែរ ដោយយោងទៅតាមច្បាប់ Export និង Import របស់សហភាពមីយ៉ាន់ម៉ា។
ទោះជាកន្លងមកមានការអះអាងថា អ្នកទាំងពីរត្រូវបានឃុំខ្លួនក្នុងលំនៅឋានមែន ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានប្រភពណាអាចបញ្ជាក់ថា តើថ្នាក់ដឹកនាំទាំងនេះ កំពុងស្ថិតនៅទីណាឲ្យប្រាកដនោះឡើយ។
ជុំវិញសេចក្តីប្រកាសរបស់គណបក្ស NLD ខាងលើនេះ ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើការឆ្លើយតបអ្វីនោះឡើយ។ លោកប្រធានាធិបតី U Win Myint, លោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានចាប់ឃុំខ្លួន អំឡុងព្រឹត្តិការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា។ បច្ចុប្បន្នអំណាចគ្រប់យ៉ាងរបស់មីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង៕