(សិង្ហបុរី)៖ អាជ្ញាធរវិទ្យាសាស្រ្តសុខាភិបាលសិង្ហបុរី (HSA) នាថ្ងៃពុធនេះ បានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna សម្រាប់ប្រជាជនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
អាជ្ញាធរ HSA បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើ ទិន្នន័យធ្វើតេស្តកន្លងមក នៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Modern យើងបានរកឃើញថា វ៉ាក់សាំងក្រុមហ៊ុននេះមានអត្ថប្រយោជន៍ ច្រើនជាងហានិភ័យរបស់វា ហើយវ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ដល់ទៅ៩៤ភាគរយ»។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសសិង្ហបុរី វ៉ាក់សាំងឈុតដំបូងរបស់ក្រុមហ៊ុន Moderna នឹងដឹកទៅដល់ប្រទេសសិង្ហបុរី នៅខ្ទង់ខែមីនាខាងមុខ។ វ៉ាក់សាំង COVID-19 របស់ Moderna គឺជាវ៉ាក់សាំងទី០២ហើយ ដែលត្រូវបានអាជ្ញាធរសុខាភិបាលសិង្ហបុរី អនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ គឺបន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech៕