(តូក្យូ)៖ ជនជាតិមីយ៉ាន់ម៉ារាប់ពាន់នាក់ នៅថ្ងៃពុធនេះបានប្រមូលផ្តុំគ្នា នៅឯក្រសួងការបរទេសជប៉ុន ដើម្បីទាមទារឲ្យរដ្ឋាភិបាលជប៉ុន ចូលរួមជាមួយសម្ព័ន្ធមិត្ត ដោយប្រកាន់ជំហររឹងមាំប្រឆាំងនឹង ការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
សមាគមពលរដ្ឋមីយ៉ាន់ម៉ា ដែលជាអ្នករៀបចំការប្រមូលផ្តុំខាងលើ បានលើកឡើងថា ជប៉ុនមិនគួរទទួលស្គាល់របបយោធា ដែលទើបបង្កើតឡើងជាថ្មី នៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។ មនុស្សជិត ៣,០០០នាក់ត្រូវគេអះអាងថា បានចូលរួមក្នុងបាតុកម្មនាថ្ងៃពុធនេះ។ អំឡុងសកម្មភាពតវ៉ា ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់នោះ បានស្រែកថា «សូមដោះលែងលោកស្រី អោង សាន ស៊ូជី... សូមរំដោះមីយ៉ាន់ម៉ា»។
ជាមួយគ្នានេះ ពួកគេក៏បានប្រគល់លិខិតមួយ ដែលអំពាវនាវឲ្យរដ្ឋាភិបាលជប៉ុន «ប្រើប្រាស់អំណាចគ្រប់ផ្នែក គឺទាំងនយោបាយ ការទូត និងសេដ្ឋកិច្ច ដើម្បីស្តាររដ្ឋាភិបាលស៉ីវិលឡើងវិញ នៅមីយ៉ាន់ម៉ា»។
គួរបញ្ជាក់ថា ជប៉ុននិងមីយ៉ាន់ម៉ាបានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ដោយរដ្ឋាភិបាលទីក្រុងតូក្យូ គឺជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់មីយ៉ាន់ម៉ា។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធំៗរបស់ជប៉ុន បានបង្កើនសន្ទុះក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសំឡឹងឃើញថា មីយ៉ាន់ម៉ាជាទីផ្សារធំចុងក្រោយគេ ប្រចាំតំបន់អាស៉ីអាគ្នេយ៍៕