តៃវ៉ាន់អះអាងថា ប្រជាជនហុងកុងជាង១ម៉ឺននាក់ បានមករស់នៅលើកោះនេះ កាលពីឆ្នាំ២០២០ (Video inside)
03-02-2021 16:33
(តៃប៉ិ)៖ ប្រជាជនហុងកុងជិត ១១,០០០នាក់បានផ្លាស់ទីលំនៅមកកាន់ កោះតៃវ៉ាន់កាលពីឆ្នាំ២០២០ ដែលនេះជាចំនួនស្ទើរតែទ្វេដង បើប្រៀបធៀបទៅកាលពីឆ្នាំ២០១៩ និងបានកើតមានឡើងបន្ទាប់ពីទីក្រុងប៉េកាំង ដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
កោះតៃវ៉ាន់តែងតែនិយាយជារឿយៗថា ខ្លួននឹងស្វាគមន៍ជានិច្ច ចំពោះប្រជាជនហុងកុង ដែលមានបំណងចង់ផ្លាស់ទីលំនៅមករស់នៅលើទឹកដីរបស់ខ្លួន។ ប៉ុន្តែច្បាប់សន្តិសុខជាតិថ្មី បានបង្ខំប្រជាជនហុងកុងកាន់តែច្រើនឡើង ដែលមានបំណងចង់ផ្លាស់ទីលំនៅមកកាន់កោះតៃវ៉ាន់។ ជាក់ស្ដែង ទិន្នន័យពីទីភ្នាក់ងារអន្តោប្រវេសន៍តៃវ៉ាន់ បានបង្ហាញថា ចំនួនប្រជាជនហុងកុង ដែលបានផ្លាស់ទីលំនៅមករស់នៅលើកោះតៃវ៉ាន់ បានកើនឡើងពី ៥,៨៥៨នាក់កាលពីឆ្នាំ២០១៩ ដល់ ១០,៨១៣នាក់កាលពីឆ្នាំ២០២០។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានប្តេជ្ញាគាំទ្រចលនាប្រជាធិបតេយ្យរបស់ហុងកុង និងបានបើកការិយាល័យថ្មីកាលពីឆ្នាំ២០២០ កន្លងទៅនេះផងដែរ នៅលើកោះតៃវ៉ាន់ ដើម្បីដោះស្រាយជាមួយប្រជាជនហុងកុង ដែលផ្លាស់ទីលំនៅមករស់នៅលើដែនកោះមួយនេះ៕