(វ៉ាស៊ីនតោន)៖ យោធាអ៉ីស្រាអែល នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានគំរាមជាបន្តបន្ទាប់ថា នឹងបើកការវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែរនៅលើទឹកដី អ៉ីរ៉ង់ដោយផ្ទាល់ ហើយថែមទាំងព្រលយទៀតផងថា នឹងធ្វើរឿងនេះតែម្នាក់ឯង ទោះបីជាសហរដ្ឋអាមេរិក មិនចូលរួមក៏ដោយ។
លោក អាវីវ កូឆាវី (Aviv Kochavi) ជានាយសេនាធិការចម្រុះកងទ័ពអ៉ីស្រាអែល កាលពីសប្ដាហ៍មុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមផែនការយោធា វាយប្រហារលើអ៉ីរ៉ង់ ដាក់នៅលើតុជារួចស្រេច និងបានបញ្ជាឱ្យកងទ័ពត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តផែនការនេះ។ ការគំរាមបែបនេះ ដែលគេលឺជាច្រើនដងមកហើយ កើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថា ការនាំសហរដ្ឋអាមេរិក ត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ គឺជា «កំហុសឆ្គងមួយដ៏ធំ»។
រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន សន្យាថានឹងនាំសហរដ្ឋអាមេរិក ត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ បើសិនជា ទីក្រុងតេហេរ៉ង់ គោរពអនុវត្តតាមកិច្ចព្រមព្រៀងឡើងវិញដូចគ្នា។ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ កាលពីឆ្នាំ២០១៨ ហើយការសម្រេចចិត្តនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីអ៉ីស្រាអែល និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអារ៉ាប់នៅក្នុងតំបន់។ ប៉ុន្តែ បណ្ដាប្រទេសមហាអំណាចជាហ្ថលេខីដទៃ រួមមាន ចិន, បារាំង, អាល្លឺម៉ង់, រុស្ស៊ី, ចក្រភពអង់គ្លេស បានរិះគន់់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក ត្រាំ។
*តើអ៉ីស្រាអែល ពិតជាចង់វាយប្រហារលើអីរ៉ង់ តែម្នាក់ឯងមែនទេ?
ការព្រមានពីការប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៉ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក ជាពិសេសគឺអ៉ីស្រាអែល មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើល ឬចម្លែកអ្វីនោះទេ ហើយ សូម្បីតែ អ៉ីរ៉ង់ក៏ធ្លាប់ព្រមានកម្ទេចអ៉ីស្រាអែល ឱ្យ «ក្លាយជាផេះ» ផងដែរ។ នៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ អ៉ីស្រាអែល បានព្រមានជាច្រើនលើកថានឹង បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយចោទថាទីក្រុងតេហេរ៉ង់ កំពុងលួចលាក់ផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ សង្រ្គាមមិនបានផ្ទុះឡើងដូចការព្រមាន ឡើយ។
លោក ហ្សាឈី ហានេប៊ី (Tzachi Hanegbi) ជារដ្ឋមន្ត្រីអ៉ីស្រាអែលទទួលបន្ទុកកិច្ចការតាំងទីលំនៅ ដែលមានទំនាក់ទំនងជិតស្និទនឹងលោក Netanyahu នៅថ្ងៃអង្គារសប្ដាហ៍នេះ បានកត់សម្គាល់ថា បច្ចុប្បន្នប្រហែលវាជាពេលវេលាល្អ ដើម្បីអនុវត្តផែនការយោធា ដ្បិតសកម្មភាព និងប្រតិកម្មរបស់អ៉ីរ៉ង់ នារយៈពេល កន្លងមកនេះ បានបង្ហាញថាទីក្រុងតេហេរ៉ង់ បានដឹងខ្លួនឯងច្បាស់ថាមិនមែនជាដៃគូរបស់អ៉ីស្រាអែល ឡើយ។
លោកបន្ថែមថា យោធាអ៉ីស្រាអែល បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសកម្ទេចមូលដ្ឋានអ៉ីរ៉ង់ ច្រើននៅក្នុងប្រទេសស៊ីរី តែមិនមានការសងសឹកអ្វីជាដុំកុំភួន ប្រឆាំងអ៉ីស្រាអែល ឡើយ។ ម្យ៉ាងវិញទៀត បើទោះជាមានការព្រមានថានឹងសងសឹក ឱ្យវិញ្ញាណក្ខន្ធមេទ័ពកំពូលរបស់ខ្លួន គឺលោក កសឹម សូឡៃម៉ានី និងអ្នកវិទ្យាសាស្ត្រកំពូលអ៉ីរ៉ង់ម្នាក់ ដែលទីក្រុងតេហេរ៉ង់ ចោទថាអ៉ីស្រាអែលជាអ្នកធ្វើឃាត ក៏អ៉ីរ៉ង់មិនបានធ្វើអ្វីឱ្យប៉ះពាល់ដល់អ៉ីស្រាអែល នោះដែរ។
ទាញចេញពីសម្មតិកម្មនេះ លោក ហានេប៊ី យល់ថាទោះបីជាសហរដ្ឋអាមេរិក មិនចូលរួម ក៏អ៉ីស្រាអែល ត្រូវតែបើកការវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែរ តែម្នាក់ឯង ដែរ ដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគ ភាគច្រើនជឿជាក់ថា អ៉ីស្រាអែល នឹងមិនធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដោយគ្មាន សហរដ្ឋអាមេរិកនោះទេ ហើយការព្រមាននេះទៀតសោត ធ្វើឡើងគ្រាន់តែដើម្បីក្រើនរំលឹកសហរដ្ឋអាមេរិក ពីការបេ្ដជ្ញាចិត្តការពារអ៉ីស្រាអែល និងការរក្សាជំហរ តឹងរ៉ឹងចំពោះអ៉ីរ៉ង់។
ចំណែឯ រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ក៏នឹងប្រើប្រាស់គ្រប់លទ្ធភាពទប់ស្កាត់សង្រ្គាម កុំឱ្យផ្ទុះឡើងផងដែរ។ ពីព្រោះផ្អែកលើសមត្ថភាពរបស់អ៉ីរ៉ង់ សព្វថៃ្ង ទោះជា មិនមែនជាដៃគូរបស់អាមេរិក ឬអ៉ីស្រាអែល តែអ៉ីរ៉ង់ អាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក តាមរយៈការប្រមូលកងកម្លាំងប្រដាប់អាវុធនិកាយស៊ីអ៉ីត ទាំងអស់ នៅក្នុងតំបន់មជ្ឈិមបូព៌ា បង្កឱ្យសង្រ្គាមរីកសាយ នៅក្នុងតំបន់ទាំងមូល ដែលនេះអាចនឹងធ្វើប្រេងឡើងថ្លៃ ហើយនឹងបំផ្លាញផែនការស្ដារសេដ្ឋកិច្ចពី COVID-19 របស់លោក ចូ បៃដិន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ទោះបីជាមិនមានការកែប្រែគោលជំហរចំពោះអ៉ីស្រាអែលក៏ពិតមែន តែលោក ចូ បៃដិន គឺផ្ទុយពីលោក ដូណាល់ ត្រាំ ដោយលោក មើលឃើញថា ការបណ្ដោយឱ្យអ៉ីរ៉ង់ នៅក្រៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អាចនឹងទុកឱកាស ឬផ្ដល់លេសឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ តែប៉ុណ្ណោះ។ សម្រាប់លោក បៃដិន សហរដ្ឋអាមេរិក គួរតែដោះស្រាយបញ្ហាទាំងឡាយតាមប្រព័ន្ធពហុភាគី និងមានកិច្ចសហការពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេស អាមេរិកថ្មីរបស់លោក គឺលោក Antony Blinken ក៏បានអះអាងដែរថា សហរដ្ឋអាមេរិក នឹងត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ បើសិនជាទីក្រុងតេហេរ៉ង់ គោរពអនុវត្តតាមកិច្ចព្រមព្រៀងឡើងវិញដូចគ្នា៕
ប្រភព៖ CNN