(វែលលីងតុន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃពុធនេះ បានព្រមានប្រឆាំងនឹង «វ៉ាក់សាំងជាតិនិយម» ដែលអាចនាំឲ្យយឺតយ៉ាវដល់ការនាំចេញទៅអន្តរជាតិ បន្ទាប់ពីនិយ័តករឱសថរបស់ខ្លួន បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង Pfizer-BioNTech នៅក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតមួយថា លោកស្រីនៅតែរំពឹងថា ការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech នឹងមកដល់ប្រទេសនេះ នៅចុងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែលោកស្រីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងដើម្បីកំណត់ការនាំចេញ ដែលបញ្ហានេះបានកើតឡើងរួចទៅហើយ ជាពិសេសនៅតំបន់អឺរ៉ុប។
លោកស្រី Ardern បានគូសបញ្ជាក់ប្រាប់បន្ថែមថា ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ជាលក្ខណៈបន្ទាន់នេះមានន័យថា ប្រទេសនូវែលសេឡង់អាចចាប់ផ្តើមត្រៀមដំណាក់កាលដំបូង នៃកម្មវិធីចាក់វ៉ាក់សាំងនេះបានហើយ។ ក្រុមអ្នកដែលប្រឈមហានិភ័យខ្ពស់បំផុត នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនេះមុនគេ ចាប់ពីពាក់កណ្តាលឆ្នាំ២០២១ នេះតទៅ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldomters រហូតមកទល់ពេលនេះ ប្រទេសនូវែលសេឡង់ បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៣០៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៥នាក់ និងអ្នកជាសះស្បើយ ២,២២២នាក់។ ប្រទេសនូវែលសេឡង់ត្រូវបានចាក់ទុកថា បាននិងកំពុងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 បានយ៉ាងល្អប្រសើរ៕