(ប៉េកាំង)៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ការប្រកួតកីឡាអូឡាំពិករដូវរងា នឹងសម្ពោធបើកនៅក្រុងប៉េកាំង។ ទីក្រុងប៉េកាំងនឹងក្លាយជាទីក្រុងដំបូងបង្អស់ នៅទូទាំងពិភពលោក ដែលបានរៀបចំទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការប្រកួតកីឡាអូឡាំពិករដូវរងា។ ដល់ពេលនោះ ទីក្រុងប៉េកាំងដែលមានភាពបើកទូលាយ នឹងអញ្ជើញប្រជាជននៅទូទាំងពិភពលោក ឱ្យមកជួបជុំគ្នា និងរួមគ្នាចែករំលែកនូវភាពក្លៀវក្លា និងភាពសប្បាយរីករាយ ដែលនាំមកដោយការប្រកួតកីឡាអូឡាំពិក។
កាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីទទួលបានដំណឹងល្អដែលថា ទីក្រុងប៉េកាំង និងក្រុង Zhang Jiakou ទទួលបានជោគជ័យក្នុងការស្នើសុំធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ប្រជាជនទូទាំងប្រទេសចិនមានក្តីរំភើប និងមោទនភាពក្រៃលែង។ វិញ្ញាសាកីឡាដូចជា ការជិះស្គី និងការរត់លើទឹកកកជាដើម បានក្លាយជាការហាត់ប្រាណ ដែលមនុស្សជាច្រើននិយមចូលចិត្តនៅរដូវរងា ហើយវិញ្ញាសាកីឡាព្រិលទឹកកក ដែលមិនសូវមានប្រជាប្រិយភាពដូចជា កីឡា Curling និងកីឡា ice hockey ក៏មានប្រជាជនចិនកាន់តែច្រើនឡើងៗ ចង់ចេះចង់ដឹង។
ទន្ទឹមនឹងការប្រកួតកីឡាអូឡាំពិករដូវរងាកាន់តែខិតជិត ការងារត្រៀមរៀបចំគ្រប់ផែ្នក នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បាននិងកំពុងអនុវត្តដោយមានរបៀបរៀបរយ។ គិតរហូតដល់បច្ចុប្បន្ននេះ សហគ្រាសឧបត្ថម្ភការប្រកួត មានចំនួនឡើងដល់ ៣៧សហគ្រាសហើយ នៅទូទាំងពិភពលោក អ្នកដែលបានចុះឈ្មោះសុំធ្វើជាអ្នកស្ម័គ្រចិត្ត នៃការប្រកួតមានចំនួនលើសពី ៩៦ ម៉ឺននាក់។ កម្មវិធីគំរូលើវិស័យបច្ចេកវិទ្យា នៃការប្រកួតកីឡាអូឡាំពិករដូវរងា ដូចជាទូរគមនាគមន៍តាមប្រព័ន្ធ 5G និងការផ្សាយបន្តផ្ទាល់តាមអនឡាញជាដើម បានពន្លឿនការអនុវត្ត ហើយប្រព័ន្ធពិនិត្យអង្កេតឧតុនិយម ក៏កាន់តែមានសុក្រឹតភាព។
ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺឆ្លង ប្រទេសចិនបានចេញផ្សាយស្នាដៃតន្រ្តីដ៏ឆ្នើម ប្រព័ន្ធពណ៌ និងរូបភាពនៃការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី ១ តាមបណ្តាញអ៊ីនធើណេត ជាពិសេសបានដាក់ចេញរូបភាពប្រភេទ GIF ដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តអូឡាំពិក។ លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានថ្លែងថា ពិតមែនតែបាននិងកំពុងប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ប៉ុន្តែការងារត្រៀមរៀបចំ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានដំណើរការយ៉ាងរលូន «វាស្ទើរតែជារឿងអច្ឆរិយៈមួយ»។
ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បាននិងកំពុងប្រកាន់ខ្ជាប់នូវទស្សនៈ ស្តីពីរៀបចំការប្រកួតកីឡាអូឡាំពិក ប្រកបដោយ «ភាពបៃតង ចែករំលែក បើកទូលាយ និងភាពស្អាតស្អំ» ជានិច្ចកាល ប្រទេសចិនបានផ្តល់ពុទ្ធិចិនដល់ការច្នៃប្រឌិតថ្មី នៃការប្រកួតអូឡាំពិក។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងនាមជាតំបន់គំរូជាតិ លើវិស័យការប្រើប្រាស់ថាមពលកកើតឡើងវិញ ទីក្រុង Zhang Jiakou បានពន្លឿនការសាងសង់វារីស្ថានីយ ដើរដោយថាមពលខ្យល់ និងថាមពលប្រព័ន្ធ PV អនុលោមតាមទស្សនៈស្តីពី «រៀបចំការប្រកួតកីឡាអូឡាំពិក ប្រកបដោយបៃតងនិងកាបូនទាប»។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ផ្លូវរថភ្លើងល្បឿនលឿនពីក្រុងប៉េកាំង ដល់ក្រុង Zhang Jiakou ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ពីកីឡដ្ឋានសំខាន់នៃការប្រកួត កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ទៅដល់កីឡាដ្ឋាននៅក្រុង Zhang Jiakou គ្រាន់តែចំណាយពេលវេលាតែមួយម៉ោង។ លើសពីនេះទៅទៀត ទស្សនៈស្តីពី «និរន្តរភាព» ក៏បានបង្ហាញឱ្យឃើញយ៉ាងពេញលេញ ក្នុងកិច្ចសាងសង់កីឡដ្ឋានកីឡាអូឡាំពិករដូវរងា ជាប់រហូតផងដែរ។ កីឡដ្ឋានមួយចំនួនដែលធ្លាប់ប្រើប្រាស់ ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំង កាលពីឆ្នាំ២០០៨ ក្នុងនោះបូករួមទាំង មជ្ឈមណ្ឌលជាតិកីឡាហែលទឹក ពហុកីឡដ្ឋានជាតិនិងកីឡដ្ឋាន Wu kesong ជាដើម ក៏នឹងត្រូវជួសជុល និងកែលម្អ ដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា។
នៅឆ្នាំ២០២២ ទីក្រុងប៉េកាំងដែលកាន់តែមានភាពបើកទូលាយ និងមានជំនឿចិត្តលើខ្លួនឯង រំពឹងទុកធ្វើឱ្យប្រជាជននៅទូទាំងពិភពលោក ទទួលបានភាពរីករាយនៃកីឡាលើទឹកកក ដែលមានភាពខុសប្លែក តាមរយៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដើម្បីធ្វើឱ្យពិភពលោកកាន់តែយល់ដឹងពីគ្នា និងកាន់តែចុះសម្រុងគ្នា៕