(ឡុងដ៍)៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ពួកយើង មានដូចជារដ្ឋមន្រ្តីការបរទេស G7 នៃប្រទេសកាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន, ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ព្រមទាំងក្រុមអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានរួបរួមគ្នាក្នុងការថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា»។
សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា «យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ឃុំខ្លួនមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា រួមមានទីប្រឹក្សារដ្ឋ លោកស្រី អោងសាន ស៊ូជី និងប្រធានាធីបតី លោក យូ វីន ម្យីនត៍ (U Win Myint) កាលពីថ្ងៃចន្ទសប្តាហ៍នេះ»។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការដាក់ក្នុងគ្រាអាសន្នរយៈពេល០១ឆ្នាំ ហើយអំណាចគ្រប់យ៉ាង ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាមីយ៉ាន់ម៉ា ដែលមានលោក មីន អោង ហ្លេង (Min Aung Hlaing) ជាអគ្គមេបញ្ជាការ៕