(មីយ៉ាន់ម៉ា)៖ ក្រុមហ៊ុនកម្មវិធីផ្ញើសារដោយមិនប្រើប្រព័ន្ធអ៉ីនធើណែតដ៏ពេញនិយមមួយហៅថា ប្រ៊ីចហ្វាយ (Bridgefy) បានប្រាប់ឲ្យដឹងថា មានការទាញយកកម្មវិធីនេះជាង៦០០,០០០ដង ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធារបស់ប្រទេសនេះ បានឡើងកាន់កាប់អំណាចកាលពីថ្ងៃចន្ទកន្លងទៅ ហើយបានផ្តាច់បណ្តាញអ៉ីនធើណែតជាបណ្តោះអាសន្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមហ៊ុនខាងលើដែលមានមូលដ្ឋាននៅប្រទេសម៉ិចស៉ីកូ និងទទួលបានប្រជាប្រិយភាពខ្លាំង អំឡុងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងហុងកុង កាលពីឆ្នាំ២០២០ បានបង្ហោះសារថា ខ្លួនសង្ឃឹមថាប្រជាជននៅមីយ៉ាន់ម៉ា នឹងអាចស្វែងរកប្រយោជន៍នៅក្នុងកម្មវិធី Bridgefy «អំឡុងគ្រាដ៏លំបាកនេះ»។
បន្ទាប់ពីបណ្តាមេដឹកនាំជាប់ឆ្នោត ដោយប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទសប្តាហ៍នេះ បណ្តាញទូរស័ព្ទ និងអ៉ីនធើណែត ត្រូវបានកាត់ផ្តាច់នៅទីក្រុងយ៉ាងហ្គន និងរដ្ឋធានីណៃដោ ព្រមទាំងតំបន់មួយចំនួនទៀត។ ទោះបីជាបណ្តាញទាក់ទង ហាក់ត្រូវបានបើកឡើងវិញកាលពីយប់ថ្ងៃដដែលក៏ដោយ សកម្មជននៅមីយ៉ាន់ម៉ាបានជំរុញឲ្យមានការដោនឡូដ (Download) កម្មវិធី Bridgefy ទុកជាដំណោះស្រាយមួយ នៅពេលដែលមានការកាត់ផ្តាច់បណ្តាញទាក់ទងលើកក្រោយៗទៀត។
គួរបញ្ជាក់ថា កម្មវិធី Bridgefy ដែលមានការជ្រោមជ្រែងពីសហស្ថាបនិក Twitter លោក ប៊ីស ស្តូន (Biz Stone) ជាដើម ហើយដែលត្រូវបានប្រើប្រាស់យ៉ាងផុសផុល អំឡុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃផងដែរនោះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្ញើសារទាក់ទងមួយចំនួនទៀត ដែលពឹងផ្អែកលើមុខងារ Bluetooth ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទំនាក់ទំនងគ្នាបាន ដោយមិនចាំបាច់ត្រូវភ្ជាប់ទៅប្រព័ន្ធអ៉ីនធើណែតឡើយ៕