(វូហាន)៖ ក្រុមមន្រ្តីជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) បានចុះទៅធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍មួយកន្លែង នៅទីក្រុងវូហាន ប្រទេសចិន ជាទីដែលមន្ត្រីអាមេរិកកាលពីលោក ដូណាល់ ត្រាំ នៅកាន់អំណាច ធ្លាប់បានចោទប្រកាន់ដោយគ្មានភស្តុតាងថា ជាកន្លែងលេចធ្លាយវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
វិទ្យាស្ថានស្រាវជ្រាវវីរុសវូហាន (Wuhan virology institute) គឺជាវិទ្យាស្ថានស្រាវជ្រាវអំពីវីរុសគ្រោះថ្នាក់ ដូច្នេះហើយវាបានក្លាយជាកន្លែងដ៏សំខាន់មួយ ដែលក្រុមអ្នកជំនាញអន្តរជាតិ ចង់ធ្វើការត្រួតពិនិត្យបំផុត នៅក្នុងបេសកកម្មស្រាវជ្រាវរបស់ពួកគេ ក្រោមគោលដៅស្វែងរកប្រភពដើម នៃការឆ្លងរីករាលដាលនៃវីរុស COVID-19 នេះ។
ក្រុមអ្នកជំនាញ WHO ក៏នឹងទៅធ្វើទស្សនកិច្ច នៅឯមន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្រ្តជាតិចិន មួយកន្លែងទៀត ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ ជាមួយក្រុមអ្នកជំនាញនៃវិទ្យាស្ថាននោះ ស្តីពីការងារប្រចាំថ្ងៃ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រអន្តរជាតិ និងកិច្ចប្រឹងប្រែងប្រឆាំងនឹងវីរុសរាតត្បាត ដ៏កាចសាហាវនេះផងដែរ។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមអ្នកជំនាញរបស់ WHO ក៏បានបំពេញទស្សនកិច្ចទៅកាន់ផ្សារលក់គ្រឿងសមុទ្រ ហ័រណាន (Huanan) នៅទីក្រុងវូហាន ដែលជាកន្លែងមួយនៃករណីឆ្លង COVID-19 ដំបូងត្រូវបានរាយការណ៍ និងមន្ទីរពេទ្យដំបូងៗនៅទីក្រុងវូហាន ដែលបានព្យាបាលអ្នកឆ្លង COVID-19 កាលពីអំឡុងដើមឆ្នាំ២០២០កន្លងទៅនេះផងដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្របានគិតថា វីរុស COVID-19 ដែលបានលេចចេញជាលើកដំបូងនៅទីក្រុងវូហាន និងបានសម្លាប់មនុស្សជាង ២លាននាក់នៅទូទាំងពិភពលោកនេះ មានដើមកំណើតពីសត្វប្រចៀវ ដែលវាអាចចម្លងទៅមនុស្សបាន។ ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅមិនទាន់មានចម្លើយច្បាស់លាស់ ដើម្បីធ្វើការសន្មត់នៅឡើយទេ៕