(យ៉ាងហ្គន)៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) បាននិយាយថា ការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពី រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូជី គឺជារឿងដែលចៀសមិនរួច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ហើយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ដែលនេះបានធ្វើឱ្យមីយ៉ាន់ម៉ា ត្រលប់ទៅរករបបដឹកនាំយោធាវិញ ១០ឆ្នាំបន្ទាប់ពីបានស្គាល់រសជាតិប្រជាធិបតេយ្យ។
នៅក្នុងបទអត្ថាធិប្បាយជាសាធារណៈលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារ លោក មីន អោង ហ្លេង បាននិយាយថា យោធាគ្រប់គ្រងអំណាចដោយស្របច្បាប់ ក្រោយរដ្ឋាភិបាលមុនបានបរាជ័យ ក្នុងការឆ្លើយតបទៅនឹងការលួចបន្លំក្នុងការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ អគ្គមេបញ្ជាការយោធារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីមានសំណើជាច្រើន រឿងមួយនេះ (ការធ្វើរដ្ឋប្រហារ) គឺជារឿងមិនអាចជៀសរួចសម្រាប់ប្រទេស... ហើយនេះជាមូលហេតុដែលយើង ត្រូវតែជ្រើសរើសធ្វើបែបនេះ...»។
គួរបញ្ជាក់ថា សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើរដ្ឋប្រហារដោយយោធានៅមីយ៉ាន់ម៉ា និងបានអំពាវនាវឱ្យ ដោះលែងលោកស្រី ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំជាបន្ទាន់។ ប្រជាជនមីយ៉ាន់ម៉ា នៅក្នុងអតីតរដ្ឋធានីរ៉ង់ហ្គូន បាននាំគ្នាវាយប៉ោត, គោះឧបករណ៍នានា ព្រមទាំងបញ្ចេញសំឡេងស៊ីផ្លេរថយន្ត យ៉ាងកងរំពងពេញទីក្រុងតែម្តង កាលពីយប់ថ្ងៃអង្គារ ដើម្បីសម្តែងការប្រឆាំងចំពោះរដ្ឋប្រហារ៕