Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន៖ «អាមេរិកមិនចាំបាច់ប្រញាប់ប្រញាល់ ក្នុងការត្រូវរ៉ូវគ្នាជាមួយចិនវិញនោះទេ, អាមេរិកត្រូវការសម្ព័ន្ធមិត្តយល់ស្រប» ​​​​(Video inside)

03-02-2021 10:11

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមិនបាំបាច់ត្រូវប្រញាប់ប្រញាល់ ក្នុងការត្រូវរ៉ូវគ្នាជាមួយប្រទេសចិនវិញនោះទេ ដោយលោកបានសង្កត់ធ្ងន់ថា អាមេរិកនឹងធ្វើដូច្នោះ ទាល់តែមានការយល់ស្របពីសម្ព័ន្ធមិត្ត និងដៃគូនានាផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតមួយ ជាមួយនឹងលោក អាន់ថូនី ប្លីងខិន (Antony Blinken) ដែលជារដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិកថា «មានផ្លូវជាច្រើន ដើម្បីត្រូវរ៉ូវគ្នាជាមួយប្រទេសចិន» ប៉ុន្តែទាំងលោកស្រី និងអ្នកនាំពាក្យក្រសួងការបរទេសលោក ណេដ ប្រាយស៍ (Ned Price) បានសង្កត់ធ្ងន់ថា ការពិភាក្សាគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូនានា គឺជារឿងដែលត្រូវធ្វើមុនគេ។

លោក Ned Price បានគូសបញ្ជាក់ប្រាប់បន្ថែមថា មានបញ្ហាជាច្រើនក្នុងនោះរួមមានទាំង បញ្ហាបម្រែបម្រួលអាកាសធាតុ «ដែលវាជាផលប្រយោជន៍រួមសម្រាប់ជាតិរបស់យើង ក្នុងការសហការគ្នានៅលើមូលដ្ឋាន ដែលមានកំណត់ជាមួយប្រទេសចិន។ ប៉ុន្តែសម្ព័ន្ធភាព និងភាពជាដៃគូរបស់សហរដ្ឋអាមេរិក គឺជាកម្លាំងដ៏រឹងមាំមួយ ដើម្បីឆ្លងកាត់រាល់បញ្ហាប្រឈម ហើយនោះរួមបញ្ចូលទាំងទំនាក់ទំនងរបស់យើង ជាមួយទីក្រុងប៉េកាំងផងដែរ។ ដូច្នេះវាជាជំហានដំបូង ដែលយើងចង់ធ្វើឲ្យប្រាកដថា សម្ព័ន្ធមិត្ត និងដៃគូទាំងអស់របស់យើងមានការយល់ស្រប... ហើយបន្ទាប់មកអ្នកអាចរំពឹងថា យើងនឹងមានការចូលរួម នៅក្នុងវិស័យជាច្រើនជាមួយប្រទេសចិន»

គួរបញ្ជាក់ថា រដ្ឋបាលលោក Biden មិនបានបង្ហាញច្បាស់ពីយុទ្ធសាស្ត្ររបស់ខ្លួន ចំពោះប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោកនោះទេ ប៉ុន្តែបានចង្អុលបង្ហាញថា ខ្លួននឹងបន្តយ៉ាងទូលំទូលាយនូវវិធីសាស្រ្តដ៏តឹងរ៉ឹង ដែលត្រូវបានធ្វើឡើងដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕