Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កំពូលមហាសេដ្ឋីអាមេរិកលោក Jeff Bezos ប្រកាសលាលែងពីតំណែង CEO របស់ Amazon, លោក Andy Jassy ឡើងកាន់តំណែងជំនួសវិញ ​​​​(Video inside)

03-02-2021 02:44

(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក ចេហ្វ បេហ្សូស (Jeff Bezos) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចចិត្តលាលែងចេញពីតំណែង ជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនយក្ស Amazon ដែលលោកផ្ទាល់ជាអ្នកបង្កើត កាលពីជាង ២៧ឆ្នាំមុននោះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន NBC នៅព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្ញើជូនបុគ្គលិកក្រុមហ៊ុន Amazon លោក Jeff Bezos មិនបានបញ្ជាក់ពីហេតុផលលម្អិត នៃការលាលែងតំណែងរបស់លោកឡើយ ដោយគ្រាន់តែនិយាយថា ការសម្រេចចិត្តបែបនេះ នឹងផ្ដល់ពេលវេលា និងថាមពលដែលត្រូវការ ដើម្បីផ្ដោតជាសំខាន់លើការងារពាក់ព័ន្ធនឹងមូលនិធិ Day 1 Fund, Bezos Earth Fund, ក្រុមហ៊ុន Blue Origin, កាសែត Washington Post និងរឿងដទៃៗទៀតដែលលោកចង់ធ្វើ។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល ការលាលែងពីតំណែងរបស់លោក Jeff Bezos នឹងចាប់ផ្ដើមអនុវត្តនៅត្រីមាសទី ៣ នៃឆ្នាំ២០២១នេះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែកក្កដា។ ចំណែកឯ លោក អ៊ែនឌី ចាសស៊ី (Andy Jassy) ដែលបច្ចុប្បន្នជានាយប្រតិបត្តិ ផ្នែកសេវាកម្មវែបសាយរបស់ក្រុមហ៊ុន Amazon នឹងត្រូវឡើងមកកាន់តំណែងជា CEO ក្រុមហ៊ុនលក់ទំនិញអនឡាញនេះតែម្តង ជំនួសលោក Jeff Bezos៕