(ឡុងដ៍)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សស្ទើរតែទាំងអស់ ដែលធ្លាប់បានឆ្លងជំងឺ COVID-19 និងបានជាសះស្បើយឡើងវិញ គឺមានអង់ទីករកម្រិតខ្ពស់ យ៉ាងហោចរយៈពេល ៦ខែ ដែលនេះអាចការពារពួកគេពីការឆ្លងជំងឺ ដ៏កាចសាហាវមួយនេះម្តងទៀតបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
ការសិក្សាស្រាវជ្រាវថ្មីខាងលើ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស មកពីក្រុមហ៊ុនផ្នែកស្រាវជ្រាវ យូខេ បាយអូប៊ែង (UK Biobank) និងត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះ។ លោកស្រី ណាអូមី អាលឡែន (Naomi Allen) ជាសាស្ត្រាចារ្យ និងជាអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន UK Biobank បាននិយាយថា ក្នុងចំណោមប្រជាជននៅក្នុងចក្រភពអង់គ្លេស ដែលធ្លាប់បានឆ្លង COVID-19 និងសះស្បើយឡើងវិញ មាន ៩៩ភាគរយមានអង់ទីករប្រឆាំងនឹងវីរុសកូរ៉ូណា (SARS-CoV-2) សម្រាប់រយៈពេល ៣ខែ ខណៈ ៨៨ភាគរយ នៃអ្នកដែលធ្លាប់បានឆ្លងដែរនោះ មានអង់ទីករប្រឆាំងនឹងវីរុសនេះរយៈពេល ៦ខែ។
គួរបញ្ជាក់ថា ការសិក្សារបស់ក្រុមហ៊ុន UK Biobank ក៏បានរកឃើញផងដែរថា ចំនួនសមាមាត្រនៃប្រជាជនអង់គ្លេស ដែលមានអង់ទីករប្រឆាំង COVID-19 បានកើនឡើងពី ៦.៦ភាគរយ រាប់ពីការចាប់ផ្ដើមនៃការសិក្សាស្រាវជ្រាវ កាលពីអំឡុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២០ និងរហូតដល់ ៨.៨ភាគរយ កាលពីអំឡុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០៕