(វ៉ាស៊ីនតោន)៖ ប៉ូលីសរដ្ឋអូក្លាហូម៉ា នៃសហរដ្ឋអាមេរិក កំពុងបើកការស៊ើបអង្កេត លើការស្លាប់របស់បុរសម្នាក់ និងកុមារ ៥នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯទីក្រុង Muskogee នាព្រឹកព្រលឹម ថ្ងៃអង្គារនេះ(ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Inderpendent នៅយប់ថ្ងៃអង្គារ ទី ០២ ខែកម្ភៈ ឆ្នាំ២០២១។
សារព័ត៌មានក្នុងតំបន់ បានគូសបញ្ជាក់ថា មន្រ្តីប៉ូលីស បានឆ្លើយតបទៅនឹងហេតុការណ៍ដ៏សាហាវខាងលើភ្លាមៗ ដែលបានកើតឡើងនៅក្នុងផ្ទះមួយនៅក្នុងក្រុង Muskogee នាម៉ោងប្រហែល ១ ៖៣០ នាទីព្រឹក(ម៉ោងនៅវ៉ាស៊ីនតោន)។
នៅពេលដែលក្រុមប៉ូលីស បានទៅដល់កន្លែងកើតហេតុ ក៏បានប្រទះឃើញ មានជនម្នាក់កំពុងកាន់កាំភ្លើងមួយដើម ហើយប៉ូលីសម្នាក់ក៏បានបាញ់ទៅលើខ្មាន់កាំភ្លើងនោះ តែមិនត្រូវ។ ទោះជាយ៉ាងណា ជនសង្ស័យត្រូវបានចាប់មន្ត្រីប៉ូលីសចាប់ខ្លួនបានហើយ បន្ទាប់ពីបានរត់គេតបានបន្តិច។
នៅខាងក្នុងផ្ទះដែលជាកន្លែងកើតហេតុ មន្រ្តីប៉ូលីសក៏បានរកឃើញបុរសម្នាក់ និងកុមារចំនួន ៤នាក់ទៀតកំពុងដេកស្លាប់ ខណៈទារកទើបនឹងកើតម្នាក់ ក៏បានស្លាប់ដែរ នៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ។
ភ្លាមៗនេះ ទាំងឈ្មោះជនរងគ្រោះ ឬជនសង្ស័យមិនត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតលើឃាតកម្មដ៏សាហាវនេះ៕