(ប៉េកាំង)៖ ចិន នៅថ្ងៃអង្គារនេះបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងអញ្ជើញក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក(WHO) ដើម្បីអនុវត្តការស្រាវជ្រាវរកប្រភពដើម នៃវីរុសកូរ៉ូណា(COVID-19) នៅសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០២ ខែកម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការរៀបចំរបស់ចិនសម្រាប់ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ដែលកំពុងសិក្សាស្រាវជ្រាវលើប្រភពដើមនៃវីរុសកូរ៉ូណានៅទីក្រុងវូហាន ថាមិនមានតម្លាភាពទេ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺរាតត្បាតសកល COVID-19 ប្រទេសចិនតែងតែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក លើបញ្ហាតាមដានប្រភពដើមនៃវីរុសនេះ ក្នុងលក្ខណៈបើកចំហនិងមានតម្លាភាព។ រដ្ឋាភិបាលចិនបានផ្តល់ការគាំទ្រ និងជំនួយយ៉ាងពេញទំហឹង រហូតដល់ទីបញ្ចប់នេះ។
ដោយបានលើកឡើង ពីរបាយការណ៍មួយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ដែលថា អង្គបដិប្រាណប្រឆាំងនឹងជំងឺ COVID-19 ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក តាមរយៈសំណាកឈាម ដែលប្រមូលបានតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្លេះ។ នេះមានន័យថា ករណីឆ្លងជំងឺ COVID-19 ប្រហែលជាបានកើតឡើងនៅសហរដ្ឋអាមេរិក តាំងពីពេលនោះមក។ ពោលគឺលឿនជាងករណីផ្លូវការដំបូងបង្អស់របស់ចិនទៅទៀត។
ទន្ទឹមនេងនោះ លោក Wang Wenbi បានសង្កត់ធ្ងន់ថា ចិនសង្ឃឹមថាភាគីអាមេរិកនឹងប្រកាន់ខ្ជាប់នូវឥរិយាបថវិជ្ជមាន និងសហប្រតិបត្តិការល្អ ដោយរក្សាតម្លាភាពលើបញ្ហានៃប្រភពដើមរបស់វីរុសនេះ ដូចដែលចិនបានធ្វើជាមួយក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកដូច្នោះដែរ៕