Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលជប៉ុន សម្រេចពន្យាពេលស្ថានភាពអាសន្ន លើបញ្ហាកូវីដ-១៩ រយៈពេល ១ខែទៀត ​​​​(Video inside)

02-02-2021 19:24

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះ បានសម្រេចអនុម័តលើការពន្យារពេល ការដាក់ប្រទេសក្នុងស្ថានភាពអាសន្នរោគ ចំនួនមួយខែទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី០២ ខែកម្ភៈ ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានប្រកាសនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៅថ្ងៃអង្គានេះយ៉ាងដូច្នេះថា «យើងបានសំរេចចិត្តអូសបន្លាយស្ថានភាពអាសន្ន រហូតដល់ថ្ងៃទី៧ ខែមីនា»

ការពន្យាពេលស្ថានភាពអាសន្នខាងលើ នឹងត្រូវអនុវត្តចំពោះតំបន់ចំនួន ១០ ក្នុងចំណោម ១១ នៃតំបន់ដែលកំពុងស្ថិតក្នុងវិធានការស្រាប់ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូផងដែរ។ ប៉ុន្តែការពន្យាពេលនេះ វានឹងមិនរាប់បញ្ចូលទាំងតំបន់ Tochigi ដែលស្ថិតភាគខាងជើងរាជធានីតូក្យូនោះទេ ខណៈតំបន់នេះមើលឃើញករណីឆ្លងធ្លាក់ចុះគួរឲ្យកត់សំគាល់។

លោក Suga បានបន្ថែមទៀតថា «នៅតាមអាណាខេត្តនានា ដែលស្ថានភាពវីរុសមានភាពប្រសើរឡើង យើងនឹងលើកស្ថានភាពអាសន្នជាបណ្តើរៗ ដោយមិនចាំបាច់រង់ចាំ ដល់ថ្ងៃទី៧ ខែមិនា»

គួរបញ្ជាក់ថា ស្ថានភាពអាសន្ន ដែលត្រូវបានប្រកាសដោយមេដឹកនាំជប៉ុនកាលពីខែមករាកន្លងទៅ សម្រាប់តំបន់តូក្យូក៏ដូចជាទីក្រុងសំខាន់ៗមួយចំនួនទៀត ដែលមានប្រជាជនច្រើនរួមទាំទីក្រុង Osaka ផងដែរនោះ តាមគម្រោងនឹងត្រូវបញ្ចប់ នៅថ្ងៃទី៧ ខែកុម្ភៈតែម្តង៕