Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសថៃរកឃើញមនុស្ស «៨៣៦នាក់ទៀតឆ្លងជំងឺកូវីដ-១៩» នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

02-02-2021 18:08

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះ បានរាយការណ៍អំពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៨៣៦ករណីបន្ថែមទៀត ខណៈអ្នកជំងឺ ០២នាក់ទៀតបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យ CCSA លោក ថាវីស៊ីព វីសានុយោធីន (Taweesin Visanuyothin) បានគូសបញ្ជាក់ប្រាប់សន្នសីទសារព័ត៌មានមួយថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៨៣៦ករណីខាងលើ ៨១៩ករណី គឺជាករណីឆ្លងក្នុងស្រុក ដែលភាគច្រើនត្រូវបានគេរកឃើញ តាមរយៈការធ្វើតេស្តលើជនអន្តោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃដែលនៅតាមរោងចក្រ និងសហគមន៍នៅខេត្ត សាមុត សាខន (Samut Sakhon)។ ចំណែកឯ ១៧ករណីផ្សេងទៀត គឺជាករណីនាំចូល ត្រូវបានគេរកឃើញលើអ្នកដំណើរ ដែលវិលត្រលប់មកពីបរទេសវិញ។

លោក Taweesin បានគូសបញ្ជាក់ប្រាប់បន្ថែមថា អ្នកស្លាប់ថ្មីៗ ០២នាក់ខាងលើ ក៏ត្រូវបានរាយការណ៍ចេញពីខេត្ត Samut Sakhon ផងដែរ ដោយម្នាក់គឺជាស្ត្រីជនជាតិថៃអាយុ ៧៥ឆ្នាំ (មានជំងឺលើសឈាមស្រាប់) និងម្នាក់ទៀតគឺជាបុរសជនជាតិថៃអាយុ ៦៨ឆ្នាំ (មានជំងឺទឹកនោមផ្អែម និងជំងឺខ្សោយតំរងនោមស្រាប់)។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២០,៤៥៤ករណី ក្នុងនោះ ១៧,៩៧៤ករណី គឺជាករណីឆ្លងក្នុងស្រុក និង ២,៤៨០ករណីផ្សេងទៀត គឺជាករណីនាំចូល ខណៈអ្នកជំងឺ ៧៩នាក់បានស្លាប់ និង ១៣,២១៧នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ៕