(បរទេស)៖ ដោយផ្ទុយស្រឡះកាលពីពេលដំបូងៗ អាកប្បកិរិយារបស់ប្រទេសលោកខាងលិចមួយចំនួន ចំពោះវ៉ាក់សាំង COVID-19 របស់ចិន ត្រូវគេសង្កេតឃើញថាមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ អំឡុងមួយរយៈចុងក្រោយនេះ។
តួយ៉ាងលោក Jens Spahn រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ បានថ្លែងថា ឱ្យតែទទួលបានការអនុញ្ញាតពីសហភាពអឺរ៉ុប នោះអាល្លឺម៉ង់នឹងមិនមានឧបសគ្គក្នុងការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ចិននិងរុស្ស៊ីឡើយ។ វ៉ាក់សាំងនៅតែជាវ៉ាក់សាំងនោះដដែល ប៉ុន្តែហេតុអ្វីបានជាអាកប្បកិរិយារបស់ប្រទេសលោកខាងលិចមានការផ្លាស់ប្តូរយ៉ាងដូច្នេះ?
ពីការចោទប្រកាន់ចិនថា បានលួចព័ត៌មានអំពីវ៉ាក់សាំង COVID-19 របស់សហរដ្ឋអាមេរិក រហូតដល់រិះគន់ក៏ដូចជាដាក់មន្ទិលសង្ស័យ លើគុណភាពវ៉ាក់សាំង COVID-19 របស់ចិន ជាដើម ប្រទេសលោកខាងលិចមួយចំនួនតូច មិនត្រឹមតែចង់ឆ្លៀតឱកាសធ្វើឱ្យវ៉ាក់សាំងខ្លួនឯង ទទួលបានផលប្រយោជន៍ច្រើនបំផុតតាមតែអាចធ្វើទៅបាន ក្នុងទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ពួកគេថែមទាំងបានឆ្លៀតយកបញ្ហាវ៉ាក់សាំងនេះ ជាឧបករណ៍សម្រាប់គាំពារអនុត្តរភាពរបស់ពួកគេទៀតផង។
ក៏ប៉ុន្តែការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺ COVID-19 និងតម្រូវការជាបន្ទាន់ចំពោះវ៉ាក់សាំងប្រឆាំងជំងឺនេះ បាននាំឱ្យពួកគេលុបចោលទស្សនៈលំអៀងបែបនេះវិញដោយខានពុំបាន។ បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំង COVID-19 នៅតាមប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប គឺទាបជាងឆ្ងាយ ធៀបនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែលជាដើម។
លើសពីនេះទៅទៀត ក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Pfizer បានពន្យារពេលប្រគល់វ៉ាក់សាំងឲ្យសហភាពអឺរ៉ុប ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផ្ទាល់ ជាហេតុធ្វើឱ្យប្រទេសអឺរ៉ុបជាច្រើន មានការខឹងសម្បាយ៉ាងខ្លាំង ។
ព្រមពេលជាមួយគ្នានេះ ស៊ែប៊ីដែលទទួលបានវ៉ាក់សាំង COVID-19 របស់ចិនចំនួន១លានដូស ត្រូវគេរាយការណ៍ថា មានអត្រាចាក់វ៉ាក់សាំងលឿនដាច់ឆ្ងាយពីប្រទេសអឺរ៉ុបដទៃទៀត ដូចជាអាល្លឺម៉ង់និងបារាំងជាដើម។ មូលហេតុគឺដោយសារការសម្រេច ទទួលប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន។
តាមការពិតទៅអំពីវ៉ាក់សាំងជំងឺកូវីដ១៩ គឺឱ្យតែពួកវាមានសុវត្ថិភាពនិងប្រសិទ្ធភាព វ៉ាក់សាំងរបស់ប្រទេសណាក៏ល្អដែរ។ នេះហើយក៏ជាមូលហេតុសំខាន់មួយ ដែលប្រទេសលោកខាងលិចកាន់តែច្រើនឡើង ចាប់ផ្តើមគាំទ្រវ៉ាក់សាំង COVID-19 របស់ចិន ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ចិនកំពុងផ្តល់ជំនួយជាវ៉ាក់សាំង COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាង១០ដូចជា ប៉ាគីស្ថាន ប្រ៊ុយណេ នេប៉ាល់ និងហ្វីលីពីន ជាដើម ហើយបន្ទាប់ពីនេះនឹងផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេស៣៨ថែមទៀត។ កន្លងមក ចិនក៏បាននាំចេញវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុននៅក្នុងប្រទេសខ្លួន សម្រាប់ការធ្វើតេស្តលើមនុស្សនៅក្នុងប្រទេសជាច្រើន ដូចជាអេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក ឥណ្ឌូណេស៉ី តួកគី ប្រេស៊ីល និងឈីលី ផងដែរ។ សារព័ត៌មានអាមេរិក The New York Times បានវាយតម្លៃថា វ៉ាក់សាំង COVID-19 របស់ចិន នឹងក្លាយជាវត្ថុជួយសង្រ្គោះជីវិតដ៏មានតម្លៃមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ នៅចំពោះវិបត្តិជំងឺរាតត្បាតជាសកលនេះ៕