(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) កំពុងព្រួយបារម្ភអំពីស្ថានភាព នៃជនជាតិភាគតិចរ៉ូហ៉ីងយ៉ា ក្រោយពីយោធាបានឡើងគ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អង្គការសហប្រជាជាតិ (UNSC) នឹងត្រូវកោះប្រជុំនៅអង្គារនេះ (ពេលវេលានៅអាមេរិក) ដើម្បីជជែកអំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យ UN លោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) បាននិយាយនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា «មានជនជាតិរ៉ូហ៉ីងយ៉ាសរុបប្រមាណ ៦០០,០០០នាក់ ដែលកំពុងស្ថិតនៅរដ្ឋ រ៉ាឃីន (Rakhine) ក្នុងនោះប្រហែល ១២០,០០០នាក់ស្ថិតក្រោមការរឹតត្បិត ដូចជាមិនអាចធ្វើដំណើរដោយសេរី និងខ្វះខាតឱកាសទទួលបានសេវាថែទាំសុខភាព និងការអប់រំជាដើម។ ដូច្នេះយើងបារម្ភថា ស្ថានការណ៍ប្រែប្រួលនៅមីយ៉ាន់ម៉ា អាចនឹងធ្វើឲ្យបញ្ហាកាន់តែដុនដាបថែមទៀតសម្រាប់ពួកគេ»។
គួរបញ្ជាក់ថា អំឡុងប្រតិបត្តិការបង្ក្រាបដោយយោធាកាលពីឆ្នាំ២០១៧ នៅរដ្ឋ Rakhine បានបង្ខំឲ្យជនជាតិម៉ូស្លីមរ៉ូហ៉ីងយ៉ាជាង ៧សែននាក់រត់ភៀសខ្លួនទៅជ្រកកោនតាមជំរំ នៅក្នុងប្រទេសបង់ក្លាដែស។ ពេលនោះប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ព្រមទាំងបណ្តាប្រទេសលោកខាងលិច បានចោទយោធាមីយ៉ាន់ម៉ាថា បានប្រព្រឹត្តទង្វើបោសសម្អាតពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៉ីងយ៉ា។
យោធាមីយ៉ាន់ម៉ាបានឡើងគ្រប់គ្រងអំណាចកាលពីថ្ងៃចន្ទសប្តាហ៍នេះ តាមរយៈការធ្វើរដ្ឋប្រហារ ដែលផ្ទុះចេញពីជម្លោះពាក់ព័ន្ធទៅនឹងលទ្ធផល ក្រោយការបោះឆ្នោតកាលពីឆ្នាំមុន។ លោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សកាន់អំណាចរបស់លោកស្រី ដែលឈ្នះក្នុងការបោះឆ្នោតនោះត្រូវបានចាប់ឃុំខ្លួន។ អង្គការសហប្រជាជាតិក៏បានចេញមុខថ្កោលទោស ចំពោះការចាប់ឃុំខ្លួននេះផងដែរ៕